Mail |
  • ភាសាខ្មែរ
  • English
  • រយៈពេលពេញ១ខែ មានបងប្អូនសមាជិក ប.ស.ស. រាប់សែននាក់ បានប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស.

    (ភ្នំពេញ)៖ នៅកិច្ចប្រជុំផ្ទៃក្នុងជាមួយអង្គភាពក្រោមឱវាទ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ តាមរបាយការណ៍នៃ ប.ស.ស. បានបង្ហាញថា៖ មានបងប្អូនសមាជិក ប.ស.ស. ដែលជាមន្រ្តីសាធារណៈ និងបងប្អូនកម្មករនិយោជិត មានបញ្ហាសុខភាពនិងបានទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដែលជាដៃគូ ដើម្បីទទួលសេវាពិគ្រោះជំងឺក្រៅ (ជំងឺមិនសម្រាកពេទ្យ) និងទទួលការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួនជិត ៣០ម៉ឺនដង.នាក់ គិតរយៈពេល ១ខែ ក្នុងខែកញ្ញាកន្លងទៅនេះ។
    តាមរយៈការប្រើប្រាស់សេវាព្យាបាលរបស់បងប្អូន នៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ប្រកបដោយគុណភាពនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានថ្លែងកោតសរសើរចំពោះភាគីនិយោជកដែលចូលរួមអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ឱកាសការងារជាច្រើនដល់បងប្អូននិយោជិត និងបានរួមចំណែកក្នុងក្របខណ្ឌផ្សេងៗជាច្រើនទៀតជាមួយរដ្ឋ ជាពិសេសការទទួលខុសត្រូវខ្ពស់ក្នុងការគិតគូរបញ្ហាសុខភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិតខ្លួន តាមរយៈប្រព័ន្ធសន្ដិសុខសង្គម ដែលនេះជាគុណធម៌ដ៏ប្រពៃពុំអាចកាត់ថ្លៃបានរបស់និយោជក។
    ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានបញ្ជាក់ផងដែរ៖ កម្មករនិយោជិត ដែលខិតខំបម្រេីការងារដើម្បីទទួលបានប្រាក់ឈ្នួល គឺមានពាក្យខ្មែរបានលើកឡើងពោរពេញដោយអត្ថន័យនោះគឺ កូនឈ្នួល ដោយបានភ្ជាប់ពាក្យកូន និងពាក្យឈ្នួល គឺដូចទៅនឹងកូនបង្កើតដែរ ដែលភាគីនិយោជកត្រូវគិតគូរពីបញ្ហាសុខភាព ជីវភាពរស់នៅរបស់ពួកគាត់នៅពេលកំពុងធ្វើការ និងពេលចាស់ជរាតាមរយៈប្រព័ន្ធសន្ដិសុខសង្គមដែលនៅតាមជួយពួកគាត់យូរអង្វែង បន្ទាប់ពីនិយោជកបានបំពេញការចូលរួមជាកាតព្វកិច្ចរួច។
    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងក្រើនរំលឹកហើយរំលឹកទៀត ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ពិសេសត្រូវផ្ដោតលើកត្ដា ២ ដែលត្រូវប្រកាន់ខ្ជាប់ជាសំខាន់ នោះគឺភាពទន់ភ្លន់ និងម៉ឺងម៉ាត់បំពេញការងារ ព្រោះថាកត្ដាសមត្ថភាពពីរនេះសំខាន់ណាស់ ដែលថ្នាក់ដឹកនាំទទួលភារកិច្ចជួរមុខទាំងអស់មិនអាចខ្វះបាននោះឡើយ ព្រោះខ្លួនអ្នកផ្ដល់សេវាសាធារណៈ ជាពិសេសត្រូវធ្វើយ៉ាងណារក្សានូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាឱ្យឈានទៅដល់កម្រិតមួយដែលទទួលបាននូវការផ្ដល់ទំនុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែកញ្ញាខាងលើ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.