Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗចំនួនពីរ ដែលបងប្អូនកម្មករនិយោជិតត្រូវទទួលបាននៅក្នុងវិស័យឯកជន

    (ភ្នំពេញ)៖ ក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗចំនួនពីរ ដែលក្នុងនោះ គឺការទទួលបានលទ្ធផលយ៉ាងល្អក្នុងការចរចាសម្រេចផ្តល់ ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២៣ និងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ដែលនេះជាការខិតខំប្រឹងប្រែង និងគិតគូខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជន ឱ្យមានស្ថានភាពសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពល្អប្រសើរ និងកាន់តែរីកចំរើនក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
    ពាក់ព័ន្ធទៅនឹងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ តាមរយៈការបង្កើតឱ្យមានយុទ្ធនាការ រយៈពេល៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែក ប្រាក់សោធនកន្លងទៅនេះ មានកម្មករនិយោជិតទទួលបានការផ្សព្វផ្សាយស្មេីនឹង ៧៣% បើធៀបទៅនឹងសមាជិក ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរស្មើនឹង ១២៨% ដែលនេះបានបង្ហាញពីលទ្ធផលជោគជ័យលើសពីផែនការដែលបានគ្រោងទុក។
    ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តទៀតថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា ប.ស.ស. ផ្ទាល់ បានទទួលនូវមតិយោបល់ និងការឆ្លើយតបជាច្រើនតាមរយៈយុទ្ធនាការរយៈពេល ៩០ថ្ងៃកន្លងមកនេះ និងបានឆ្លុះបញ្ចាំងពីការយល់ឃើញពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ដែលបានបង្ហាញពីការសាទរ និងពេញចិត្តព្រមទាំងសប្បាយរីករាយក្នុងការស័្មគ្រចិត្តចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលដែលឈានចូលវ័យជរាធ្វើការលែងកើត។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្នុងរយៈពេលចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចំនួន ៩០ថ្ងៃកន្លងមកនេះ ប.ស.ស. បានចុះផ្សព្វផ្សាយដល់មន្រ្តីសាធារណៈ និយោជក ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងបងប្អូនកម្មករនិយោជិតនៅតាមតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន និងតាមសាលាខេត្តទូទាំងប្រទេសសរុបជាង ៣៥០០លើក ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១លាន ៨ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយ តាមរយៈយុទ្ធនាការខាងលើ។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ បេឡាជាតិសន្ដិសុខសង្គម នៅតែបន្ដការផ្សព្វផ្សាយរបស់ខ្លួនតាមរយៈការធ្វើឡើងដោយផ្ទាល់ និងជាពិសេសតាមបណ្ដាញសង្គមឱ្យបានផុសផុល ធ្វើយ៉ាងណាដើម្បីបញ្រ្ជាបការយល់ដឹងពីអត្ថប្រយោជន៍ និងកាតព្វកិច្ចរបស់បងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ ប្រកបដោយប្រសិទ្ធភាព និងការពេញចិត្ត។ លើសពីនេះ ប.ស.ស. នឹងរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់ខ្លួនក្នុងការផ្សព្វផ្សាយរបបសន្តិសុខសង្គម ឱ្យដល់មូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។
    សូមបញ្ជាក់ថា ៖ ពិធីបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍ តំណាងសហជីពមូលដ្ឋាន និងសមាជិកសមាជិការសរុបប្រមាណជា ៥០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.