(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗប្រចាំខែសីហា ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ។
ឯកឧត្តមប្រតិភូ បានថ្លែងថា៖ ការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនកន្លងមក ទទួលនូវលទ្ធផលយ៉ាងល្អប្រសើរ តាមរយៈកិច្ចសហការរវាងភាគីនិយោជក និងភាគីនិយោជិត ក្នុងការចូលរួមឈ្វេងយល់ និងបានបង្ហាញការពេញចិត្តក្នុងគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានជំរុញដល់ភាគីពាក់ព័ន្ធត្រូវរៀបចំផែនការចុះផ្សព្វផ្សាយឱ្យដល់មូលដ្ឋានរស់នៅរបស់បងប្អូនកម្មករនិយោជិត ដែលជាគោលដៅសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹងអំពីរបបសន្ដិសុខសង្គមឱ្យកាន់តែទូលំទូលាយដល់បងប្អូនសាច់ញាតិបន្ថែមទៀតផងដែរ។
ឯកឧត្តមប្រតិភូ បានថ្លែងបន្ដថា៖ បន្ទាប់ពីយុទ្ធនាការនៃការផ្សព្វផ្សាយនេះត្រូវបានបញ្ចប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន និងចាប់ផ្ដើមទទួលការបង់ភាគទានមកក្នុងប្រព័ន្ធរបស់ ប.ស.ស. នៅដើមខែវិច្ឆិកាខាងមុខនេះ ទន្ទឹមនឹងនេះដែរថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ជាពិសេសត្រូវពិនិត្យតាមដានចំពោះការមិនបញ្ជូនឈ្មោះបងប្អូននិយោជិត និងការមិនបង់ភាគទានមកក្នុងប្រព័ន្ធ ប.ស.ស. ដែលនេះជាការងារដែលយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវខ្ពស់ចំពោះមុខក្នុងការការពារអត្ថប្រយោជន៍របស់បងប្អូននិយោជិត។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រតិភូ ក៏ថ្លែងការកោតសរសើរ និងក្រើនរំលឹកចំពោះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ក្នុងការបំពេញការងារប្រចាំថ្ងៃ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមលើការងារបច្ចុប្បន្នដែលមានស្រាប់ផងដែរ៕