(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបច្ចេកទេស ស្តីពីយន្តការនៃការជំរុញសហគ្រាសឲ្យចូលក្នុងប្រព័ន្ធ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ សិក្ខាសាលាខាងលើ ធ្វើឡើងក្នុងគោលបំណង (១) ផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការវិភាគលើកម្លាំងពលកម្ម ព្រមទាំងការពង្រីករបបសន្តិសុខសង្គមដល់ សហគ្រាសខ្នាតតូច និងមធ្យម និង(២) ពង្រឹងការកសាងសមត្ថភាពក្នុងការពង្រីករបបសន្តិសុខសង្គមសម្រាប់ផែនការស្តារ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយ និងការអនុវត្តកម្មវិធី។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពខាងលើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងដោយក្តីជឿជាក់ថា៖ តាមរយៈសិក្ខាសាលាដ៏សំខាន់មួយនេះ លោក លោកស្រី ទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្តលើកិច្ចការងាររបស់ខ្លួនប្រចាំថ្ងៃ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានផ្តាំផ្ញើរទៅកាន់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងសួរឲ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញនៅក្នុងសិក្ខាសាលាដ៏សំខាន់មួយនេះ។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្តែងនូវការអរគុណ ចំពោះអង្គការដៃគូអភិវឌ្ឍ ពិសេសអង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងជំនាញការទាំងអស់ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់មួយនេះឡើង។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការសហការរៀបចំឡើងដោយ អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានអធិការកិច្ចការងារ នៃអគ្គនាយកដ្ឋានការងារ សរុបប្រមាណជា ៣០រូប៕