ម៉ាឡេស៊ី៖ នារសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានដឹកនាំប្រតិភូនៃ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម KANG Sonnhie ប្រធានអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) ក្នុងជំនួបទ្វេភាគីរវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសិក្ខាសាលាកម្រិតបច្ចេកទេសរបស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ InterContinental ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
-វឌ្ឍនភាពនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា
-ការវាយតម្លៃលើការអនុវត្តកន្លងមកនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា
-ការផ្លាស់ប្តូរគំនិតសម្រាប់ទិសដៅអនាគតនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ហេង សុផាន់ណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម KANG Soonhie ប្រធានអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) និងក្រុមការងារគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា សម្រាប់ការតាំងចិត្តយ៉ាងមុតមាំអនុវត្តគម្រោងនេះ ដើម្បីកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល៥ឆ្នាំរបស់ ប.ស.ស. ស្របទៅតាមបន្ទាត់ពេលវេលាដែលបានកំណត់ ទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំទ្វេភាគីនេះ មានវត្តមានអញ្ជើញចូលរួមពីគណៈប្រតិភូនៃ ប.ស.ស. និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) សរុបចំនួន ៨រូប៕