Mail |
  • ភាសាខ្មែរ
  • English
  • តំណាង ប.ស.ស. កម្ពុជាបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសិក្ខាសាលាកម្រិតបច្ចេកទេសរបស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) នៅប្រទេសម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំប្រតិភូនៃ ប.ស.ស. ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពី ការតម្រង់ទិសវិស័យសន្តិសុខសង្គម និងសុខុមាលភាពក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅតំបន់អាស៊ី របស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Inter Continental ទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។
    ព្រឹត្តការណ៍របស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវវឌ្ឍនភាពរបស់ស្ថាប័នជាសមាជិកនីមួយៗ និងពិភាក្សាលើវិធានការសហប្រតិបត្តិការរបស់សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ក្នុងការអភិវឌ្ឍឲ្យកាន់តែប្រសើរនូវកិច្ចគាំពារ និងសុខុមាលភាពសម្រាប់កម្មករនិយោជិត។
    សូមរំលឹកផងដែរថា៖ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក នេះគឺជាលើកដំបូងហើយ ដែលសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) បានរៀបចំព្រឹត្តការណ៍ដោយផ្ទាល់របស់ខ្លួន។
    នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានចូលរួមចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការរបស់បេឡាជាតិសន្តិសុខសង្គម ដោយបានលើកឡើងថា ចាប់តាំងពីបេឡាជាតិសន្តិសុខសង្គមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ប.ស.ស. បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារក្នុងឆ្នាំ២០០៨ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៦ សម្រាប់វិស័យឯកជន ចំណែកវិស័យសាធារណៈ ប.ស.ស. បានដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៨ និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនៅឆ្នាំ២០២១។ ក្នុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ប.ស.ស. កម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលនេះជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពសង្គម និងធានាសន្តិសុខប្រាក់ចំណូល ព្រមទាំងសុខុមាលភាពរបស់ជនចាស់ជរានៅពេលចូលនិវត្តន៍។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ដោយមានការចូលរួមពីសមាជិកនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ចំនួន ១៣អង្គភាព មកពីបណ្តាប្រទេសចំនួន១០ រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ស្រីលង្កា ថៃ និងវៀតណាម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.