(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃប.ស.ស. បានដឹកនាំមន្ត្រីបច្ចេកទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលនៃការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. ដែលរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ ប.ស.ស. ដោយបានជ្រើសយកអង្គភាព Management For Health (M4H) និងក្រុមការងារស្រាវជ្រាវ និងស្ទង់មតិអង្គរ (ARST) ក្នុងការសហការអនុវត្តគម្រោងស្តីពី ការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. ។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើគោលបំណងសំខាន់ៗមួយចំនួនរួមមាន(១) ធ្វើបទបង្ហាញស្តីពី លទ្ធផលនៃការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. (២) ពិនិត្យ និងពិភាក្សាជំហានបន្ទាប់នៃគម្រោងស្តីពី ការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. (៣)ការងារពាក់ព័ន្ធផ្សេងៗ។
គួររំលឹកផងដែរថា គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃលើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.” ត្រូវបានអនុវត្តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលនៃការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. នេះ ត្រូវបានធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធនៃ ប.ស.ស. អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសុខភាពពិភពលោក (WHO) អង្គភាព M4H និងក្រុមការងារស្រាវជ្រាវ និងស្ទង់មតិអង្គរ (ARST) សរុបចំនួន ១៥រូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕