(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានផ្តល់កិត្តិយសចូលរួមដឹកនាំមន្រ្តីទទួលបន្ទុកកិច្ចការច្បាប់ បន្តអនុវត្តនូវកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងការទាមទារតាវកាលិក សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្ត។
ក្នុងឱកាសដែលឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំខាងលើ ឯកឧត្តមក៏បានស្នើដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ត្រូវត្រួតពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ នូវរាល់បញ្ហាពាក់ព័ន្ធ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីកំណត់អំពីបែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងការទាមទារតាវកាលិកសម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅធ្វើឲ្យសេចក្តីព្រាងសេចក្តីសម្រេចមួយនេះ កាន់តែមានលក្ខណៈត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. និងថ្នាក់ដឹកនាំនាយកដ្ឋាននៃ ប.ស.ស. សរុបប្រមាណជាង ២០រូប៕