(ភ្នំពេញ)៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញធ្វើបទអន្តរាគមន៍ស្តីពីសុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត ជូនអង្គប្រជុំ។
ក្នុងបទអន្តរាគមន៍ខាងលើ ឯកឧត្តមបណ្ឌិត បានថ្លែងថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារសុវត្ថិភាពចរាចណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ជាសេនាធិការ បានរួមចំណែកក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនកម្មកនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត សរុបចំនួន ២ ៦៤៥លើក ដែលមានអ្នកចូលរួមសរុបចំនួន ៣៥៩ ៨៤៨នាក់ (អ្នកបើកបរ ១១១ ៦៦៨ដង/នាក់ និងកម្មករនិយោជិត ២៤៨ ១៨០នាក់) និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញលើមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិតដោយធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារកិច្ចលើការងារចរាចរណ៍ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត។
តាមរយៈបទអន្តរាគមន៍នេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា៖ នៅឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ១ ៦៣០ករណី ជនរងគ្រោះចំនួន ១ ៨៨៤នាក់ (ស្លាប់ ៥៣នាក់ របួសធ្ងន់ ៥០២នាក់ និងរបួសស្រាល ១ ៣២៩នាក់) ។
ក្នុងចំណោមគ្រោះថ្នាក់ខាងលើពាក់ព័ន្ធនឹងម៉ូតូចំនួន ១ ៥៣០ករណី មានជនរងគ្រោះចំនួន ១ ៦៨៣នាក់ រថយន្ដចំនួន ៤២ករណី មានជនរងគ្រោះចំនួន ១៣៦នាក់ រ៉ឺម៉កចំនួន ៨ករណី មានជនរងគ្រោះ ១៤នាក់ កង់ចំនួន ១៣ករណី មានជនរងគ្រោះចំនួន ១៤នាក់ ថ្មើរជើងចំនួន ៣២ករណី មានជនរងគ្រោះចំនួន ៣២នាក់ និងគ្រោះថ្នាក់ផ្សេងៗចំនួន ៥ករណី មានជនរងគ្រោះចំនួន ៥នាក់ ដែលនេះបង្ហាញពីការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០០នាក់៕