(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកនេះ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន គឺជាជំហានថ្មីមួយទៀតដែលជា“ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា ”និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងបញ្ជាក់ទៀតថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
ប.ស.ស. បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា៖ ពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌទាំង១៤ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ សរុបចំនួន ២៩៤នាក់៕