Mail |
  • ភាសាខ្មែរ
  • English
  • របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជាកត្តាជំរុញឱ្យមានស្ថិរភាពការងាររបស់បងប្អូនកម្មករនិយោជិត

    (កោះកុង)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ខេត្តកោះកុង ជាតំបន់អេកូទេសចរណ៍ដ៏ល្អមួយរបស់កម្ពុជា ហើយក៏ជាខេត្តទី៨ ហើយដែល ប.ស.ស. បានបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន នៃយុទ្ធនាការផ្សព្វផ្សាយចំនួន ៩០ថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា៖ប.ស.ស. បានចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. មានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។

    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកោះកុង ឯកឧត្តម បានថ្លែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋមានវ័យចំណាស់។

    ជាមួយគ្នានេះ ឯកឧត្តមអភិបាលរង បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។

    គួរបញ្ជាក់ឲ្យដឹងផងដែរថា៖ ពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជនខាងលើ ប្រព្រឹត្តិទៅនៅសាលមហោស្រពខេត្តកោះកុង ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជិត ២៣០នាក់។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.