(ព្រៃវែង)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ខេត្តព្រៃវែង គឺជាខេត្តទី៦ ហើយដែល ប.ស.ស. បានបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន បន្ទាប់ពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយចំនួន ៩០ថ្ងៃស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៣៣ ម៉ឺន នាក់ ហើយដែលទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគី ដែលក្នុងនោះបងប្អូនកម្មករនិយោជិតជាស្រ្តីមានចំនួនប្រមាណជាង ២៤ម៉ឺន នាក់។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឱកាសជាមួយគ្នានេះ ក៏បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងខេត្តព្រៃវែង ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ជូនថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជិត ៤០០នាក់៕