(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំរួចរាល់នូវសេចក្តីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមកិច្ចការអ្នកច្បាប់នៃ ប.ស.ស. បានលើកយកសេចក្តីព្រាងអនុក្រឹត្យមួយនេះ មកត្រួតពិនិត្យ និងពិភាក្សាបន្ថែម ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដែលបានប្រព្រឹត្តនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យនេះ ប្រព្រឹត្តទៅក្រោមស្មារតីយកចិត្តទុកដាក់បំផុត ដើម្បីត្រួតពិនិត្យរកនូវចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែមទៀត ពិសេសពិភាក្សាឱ្យបានស៊ីជម្រៅក្នុងការស្វែងរកធាតុចូលសំខាន់ៗបន្ថែមទៀត ក្នុងន័យដើម្បីកំណត់លើការអនុវត្តរបបសន្ដិសុខសង្គមខាងលើនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព និងសង្គតិភាព មុននឹងដាក់ឆ្លងក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ពិនិត្យសម្រេច ។
គួរឱ្យដឹងថា៖ សេចក្ដីព្រាងអនុក្រឹត្យនេះ បានកំណត់យ៉ាងច្បាស់អំពីវិសាលភាពក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈដែលមានជាអាទិ៍៖ (១) មន្រ្តីមានតួនាទីចាប់ពីអនុរដ្ឋលេខាធិការឡើង ដែលមិនស្ថិតនៅក្រោមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា (២) ទីប្រឹក្សា ជំនួយការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ ដែលមិនស្ថិតនៅក្រោមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និង (៣) សមាជិក ក្រុមការងារប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ព្រមទាំងបុគ្គលិកជាប់កិច្ចសន្យាឃុំ សង្កាត់ផងដែរ៕