(ភ្នំពេញ)៖ ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាង ប.ស.ស. និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានថ្លែងថា៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័ន ប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមនៅប្រទេសកម្ពុជា។
ឯកឧត្តមប្រតិភូ បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ផ្នែក រួមមាន៖ (១)ផ្នែកហានិភ័យការងារ (២)ផ្នែកថែទាំសុខភាព និង(៣)ផ្នែក ប្រាក់សោធន ដែលការចាប់ផ្ដើមបង់ភាគទាននៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងពេលបច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកប្រមាណ ១ ៨៧៧ ១០៣នាក់ ក្នុងនោះ សមាជិកដែលជាកម្មករនិយោជិតក្នុងវិស័យឯកជនមានចំនួន ១ ៤៥៥ ២៩៨នាក់។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តថា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញប្រកបដោយចីរភាព និងបរិយាបន្ន ប.ស.ស. បានកំណត់នូវជំហានជាយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងនោះ ការកសាងសមត្ថភាពធនធានមនុស្សក៏ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រជាអាទិភាពដទៃផ្សេងទៀត ដែលចាំបាច់ក្នុងការពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព ផលិតភាព និងគុណភាព ក្នុងបំណងធានាឲ្យការផ្ដល់សេវាសាធារណៈរបស់ខ្លួនទៅកាន់សាធារណជន ពិសេសសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាងបេឡាជាតិសន្តិសុខសង្គម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការងារគន្លឹះដែលនាំឲ្យ ប.ស.ស. អាចទទួលបានការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការពង្រឹងសក្ដានុពលនៃការងារដឹកនាំ គ្រប់គ្រងរបស់ ប.ស.ស. ឲ្យកាន់តែមានប្រសិទ្ធភាព ដែលជាឧត្តមប្រយោជន៍ដល់គ្នាទៅវិញទៅមក ស្ថិតក្នុងរូបភាពដូចជា៖
(១)សហការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី និងបុគ្គលិក ប.ស.ស. (២)ការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សារបស់មន្រ្តី សាស្រ្តាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ(៣)ផ្តល់ឱកាសឲ្យនិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញចុះកម្មសិក្សានិងហាត់ការនៅ ប.ស.ស. (៤)ចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា (៥)លើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀត(៦)ការផ្លាស់ប្តូរវាគ្មិនសម្រាប់បង្រៀនទៅវិញទៅមក និង(៧)ការអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ទាំងអស់ដែលបានគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចសហការកន្លងមក រហូតបង្កើតឲ្យមាននូវកិច្ចសហការគ្នា រវាងអង្គភាពទាំងពីរ និងសម្របសម្រួលឲ្យមានពិធីនេះកើតឡើងនាពេលនេះ។
ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយ ប.ស.ស. នាពេលនេះ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រូវបានចុះហត្ថលេខារវាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាមួយ ឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរសរុបប្រមាណជា២០រូប៕