ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ បេឡាជាតិសន្ដិសុខសង្គម បានរៀបចំពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃរបស់ខ្លួន ស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងនិយោជក សហជីព និងកម្មករនិយោជិត សរុបប្រមាណជា ១ ២០០នាក់ នៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា៖ ពិធីផ្សព្វផ្សាយលើកទី៥ នាព្រឹកនេះ គឺជាព្រឹត្តិការណ៍ដ៏ធំរបស់យុទ្ធនាការ ៩០ថ្ងៃ ស្ដីពីការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារដើម្បីបញ្រ្ជាបការយល់ដឹងឱ្យកាន់តែច្បាស់ និងឆាប់រហ័សជូនដល់និយោជក និងកម្មករនិយោជិតនៅទូទាំងប្រទេស ដែលមានកាតព្វកិច្ចដ៏សំខាន់ ក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ដថា៖ ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់បន្ថែមថា៖ ប្រសិនបើគ្មានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាន នោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃផងដែរ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីកិច្ចប្រជុំលើកទី៥ នេះ ក្រុមការងារពាក់ព័ន្ធនិងធ្វើការចុះផ្សព្វផ្សាយដោយផ្ទាល់នៅតាមតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំង ២៥រាជធានីខេត្ត និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការផ្ដល់ទីតាំង និងអនុញ្ញាតឱ្យកម្មករនិយោជិតចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីការចូលរួមអនុវត្តកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលត្រូវទទួលបាន ជាពិសេសបន្ទាប់ពីទទួលបានការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះរួច ត្រូវផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់។
ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានរាយការណ៍អំពីវឌ្ឍនភាពការងារកន្លងមក របស់ ប.ស.ស. ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺជាប្រវត្តិសាស្ត្រនៃវិស័យសន្តិសុខសង្គមកម្ពុជា ដែលមានស្ថាប័ន ប.ស.ស. ជាប្រតិបត្តិករតែមួយគត់ ដែលកន្លងមក ថ្នាក់ដឹកនាំ បុគ្គលិក នៃស្ថាប័ន ប.ស.ស. តែងតែចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាជនដ៏ពិតប្រាកដ តាមរយៈការផ្តល់សេវាសាធារណៈ ដោយអាកប្បកិរិយាទន់ភ្លន់ ទទួលខុសត្រូវ ប្រកបដោយមនសិការវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារជាច្រើនគួរជាទីមោទន។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានបញ្ជាក់ទៀតថា៖ កន្លងមក ប.ស.ស. បានអនុវត្តរបបសន្ដិសុខសង្គមចំនួន ២រួចហើយ ដែលក្នុងនោះ របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជន មានសហគ្រាសចុះបញ្ជីសរុបចំនួន ១២ ៧៥៧សហគ្រាស បានផ្តល់តាវកាលិកហានិភ័យការងារ សរុបចំនួន ៣៥៨ ២៤៩ ករណី ចំណែកវិស័យសាធារណៈ បានចុះបញ្ជីសរុបចំនួន ៣៥ក្រសួង ស្ថាប័ន បានផ្ដល់តាវកាលិកសរុបចំនួន ៣៣ករណី ស្រីចំនួន ៦ករណី។ ដោយឡែកការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១២ ៧៥៥សហគ្រាស និងមានសមាជិកប្រើប្រាស់សេវាចំនួន ៩ ៣៩៩ ១៣៧ករណី ចំណែកវិស័យសាធារណៈបានចុះបញ្ជីសរុបចំនួន ៣៩ ក្រសួង ស្ថាប័ន ក្នុងនោះមានសមាជិកសរុប ៤២៧ ០១៣នាក់ មានសមាជិកប្រើប្រាស់សេវាចំនួន ៨២៦ ៨៥៤ករណី គិតត្រឹមខែមិថុនា ឆ្នាំ២០២២កន្លងទៅ៕