ឥណ្ឌូនេស៊ី៖ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាង ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “កិច្ចគាំពារសង្គម ការស្តារឡើងវិញបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅកោះបាលី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
កិច្ចប្រជុំនេះត្រូវបានរៀបចំដោយអង្គភាពធានារ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានផ្លាស់វេនសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដោយមានការចូលរួមពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ៤១រូប មកពីបណ្តាប្រទេសចំនួន៩ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី និងថៃ។
កិច្ចប្រជុំជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងន័យចែករំលែកឧត្តម្មានុវត្តន៍ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីសន្តិសុខសង្គម ជាពិសេសការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងរបបសន្តិសុខសង្គម បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ុក សំអូន បានចូលរួមចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គមរបស់កម្ពុជាបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា៖
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលជាផែនទីបង្ហាញផ្លូវនិងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងនោះ ប.ស.ស. បានដាក់ចេញនូវគោលដៅអាទិភាព ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គម រួមមាន៖
(១) ការដាក់ឲ្យអនុវត្ត “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ” ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ (២) បន្តពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ (៣) ពិនិត្យលទ្ធភាពពង្រីកវិសាលភាពជាជំហានៗនូវ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារទៅដល់ពលរដ្ឋរស់នៅក្បែរបន្ទាត់ក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៤) រៀបចំ និងដាក់ឲ្យអនុវត្តនូវកម្មវិធីលើកទឹកចិត្តក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូច និងមធ្យម មកចុះបញ្ជិកាបុគ្គលិកទាំងអស់នៅក្នុងប្រព័ន្ធសន្តិសុខសង្គម។
លោក បានបន្តទៀតថា ប.ស.ស. បានបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខសង្គមដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូន ក្នុងនោះផងដែរ ប.ស.ស. គ្រោងដាក់ឲ្យអនុវត្តគម្រោងសាកល្បងសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈគម្រោង SPIN Project ទៅលើក្រុមគោលដៅអ្នកបើកម៉ូតូរ៉ឺម៉ក (សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA) និងអ្នកបម្រើក្នុងផ្ទះ (សមាគមអ្នកបម្រើការងារតាមផ្ទះ ADW) នៅខែកញ្ញា ឆ្នាំ២០២២នេះ។
សូមរំលឹកផងដែរថា៖ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៧ និងលើកទី៣៨ ព្រមទាំងសិក្ខាសាលាផ្សេងៗទៀតរបស់ខ្លួន តាមរយៈប្រព័ន្ធអនឡាញ។នេះគឺជាលើកដំបូងហើយដែលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានរៀបចំកិច្ចប្រជុំដោយផ្ទាល់៕