Mail |
  • ភាសាខ្មែរ
  • English
  • ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រ (Web Based Registration and Contribution Application) ជាជំហានបន្ទាប់ដែល ប.ស.ស. កំពុងរៀបចំផែនការអនុវត្ត

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំដំបូងស្តីពី ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រ (Web Based Registration and Contribution Application) ជាមួយក្រុមហ៊ុន OPTISTECH ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងឱ្យដឹងថាៈ ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រ សម្រាប់ ប.ស.ស. ជាជំហានបន្ទាប់ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ ប.ស.ស. ក្នុងន័យដើម្បីជួយសម្រួលដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដោយពុំចាំបាច់អញ្ជើញមកស្នាក់ការ ប.ស.ស. ដេីម្បី ចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងចុះបញ្ជិកាកម្មករនិយោជិតថ្មីរបស់ខ្លួន រួមទាំង ការបង់ភាគទាន ដោយផ្ទាល់ឡើយ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានថ្លែងបន្ថែមថា៖ ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រនេះ ក៏មានការគណនាចំនួនភាគទានដែលត្រូវបង់ និងអាចពិនិត្យមើលលើប្រវត្តិនៃការបង់ភាគទាន ទាញយករបាយការណ៍ ការជូនដំណឹងអំពីព័ត៌មាន កាលបរិច្ឆេទសម្រាប់ការបង់ភាគទាន និងការបញ្ជាក់បន្ថែមនៃការទូទាត់ការចំណាយ (Notification) ជាពិសេសមានមុខងារ សម្គាល់ផ្ទៃមុខ ជាមុខងារបញ្ជៀសការចុះឈ្មោះសមាជិកជាន់គ្នាផងដែរ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែជួយគាំទ្រដល់ បេឡាជាតិសន្តិសុខសង្គម ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ផ្នែកបច្ចេកទេស និងសកម្មភាពផ្សេងៗជាច្រើនទៀត ហើយក្នុងនោះដែរ តាមរយៈកិច្ចសហការជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប.ស.ស. បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃចំនួន ២ រួចមកហើយ រួមមាន៖ ១) ការអភិវឌ្ឍកម្មវិធីសមាជិក ប.ស.ស. លើទូរស័ព្ទដៃ (NSSF Member App) និង ២) កម្មវិធីភ្នាក់ងារ ប.ស.ស. លើទូរស័ព្ទដៃ (NSSF Agent App) ។
    តាមរយៈកិច្ចប្រជុំខាងលើ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នឹងបន្តការគាំទ្រដល់ ប.ស.ស. ដើម្បីពង្រឹងប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ប.ស.ស. ឲ្យកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នឹងជួយឧបត្ថម្ភគាំទ្របន្ថែមទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ដល់ ប.ស.ស. ក្នុងការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រនេះផងដែរ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ផ្តោតទៅលើការកំណត់ពីគោលបំណង ផែនការ និងដំណាក់កាលពេលវេលា នៃការអភិវឌ្ឍប្រព័ន្ធចុះបញ្ជិកា និងបង់ភាគទានលើគេហទំព័រ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងក្រុមហ៊ុន OPTISTECH សរុបប្រមាណជា ១៥រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.