Mail |
  • ភាសាខ្មែរ
  • English
  • អង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា ជាមួយ ប.ស.ស. កម្ពុជា

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំដំបូង និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី “ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទារយៈពេល ៣ឆ្នាំ” រវាង ប.ស.ស. កម្ពុជា និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ នេះមិនមែនជាលើកដំបូងនោះទេ ដែល ប.ស.ស. កម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉។ ប.ស.ស. ធ្លាប់បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីវិស័យធានារ៉ាប់រងការងារអង្គភាព COMWEL ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយអាចនិយាយបានថា ថ្ងៃនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ដែល ប.ស.ស. និងអង្គភាព COMWEL នឹងធ្វើការជាមួយគ្នាក្នុងការអនុវត្តលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ។
    ឯកឧត្តមអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទារយៈពេល ៣ឆ្នាំ រវាង ប.ស.ស. កម្ពុជា និងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ នាពេលនេះ គឺជាផ្នែកដ៏សំខាន់បំផុតក្នុងការលើកកម្ពស់ផលិតភាពកំលាំងពលកម្ម កាត់បន្ថយភាពក្រីក្រដោយសារគ្រោះថ្នាក់ការងារ និងអាចពង្រឹងគុណភាពជីវិតដោយផ្តល់នូវសេវាស្តារនីតិសម្បទា ពិសេសនឹងជួយឲ្យការផ្តល់សេវាស្តារនីតិសម្បទាររបស់ ប.ស.ស. ទៅកាន់សមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
    ឯកឧត្តមអគ្គនាយក បានសង្កត់ធ្ងន់ទៀតថា ៖ ការអនុវត្តការងារពាក់ព័ន្ធទៅនឹងសេវាស្តារនីតិសម្បទាជូនសមាជិក ប.ស.ស. ដែលមានពិការភាព នាពេលកន្លងមក ប.ស.ស. បានផ្តល់សេវាស្ដារនីតសម្បទាទៅលើផ្នែកសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន (១) សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ (២) សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និង (៣) សេវាស្ដារនីតិសម្បទាផ្នែកសង្គម។
    កិច្ចសហប្រតិបត្តិការរវាង ប.ស.ស. កម្ពុជា និងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ នាពេលនេះដែរ គឺពិតជាអាចរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានារបស់ ប.ស.ស. ហើយការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទារយៈពេល ៣ឆ្នាំនេះ នឹងអាចកសាងបាននូវផែនការមេ ទៅលើផ្នែកស្តារនីតិសម្បទា ដែលជាផែនទីបង្ហាញផ្លូវ ដោយផ្ដោតសំខាន់ទៅលើគោលដៅចំនួន ៥ ដែលរួមមាន (១)បង្កើតប្រព័ន្ធស្តារនីសម្បទាផ្នែកគ្រោះថ្នាក់ការងារសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីរបបសន្តិសុខសង្គម (២) ធ្វើឲ្យកាន់តែប្រសើរនូវនីតិវិធី និងនីត្យានុកូលភាពសម្រាប់អនុវត្តន៍ (៣) បណ្តុះបណ្តាលផ្នែកសម្របសម្រួលការងារ ផ្នែកគ្រប់គ្រងករណី ផ្នែកប្រឹក្សាយោបល់ចិត្តសាស្ត្រសង្គម និងផ្នែកផ្តល់សេវា (៤) សិក្សាសមិទ្ធិលិទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទាវេជ្ជសាស្ត្រ និង (៥) សិក្សាសមិទ្ធិលិទ្ធភាពក្នុងការពង្រីកសេវាស្តារនីតិសម្បទាថ្មី។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉ សម្រាប់បេសកកម្មរយៈពេល ៣ថ្ងៃ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ឆ្ពោះទៅរកការកសាងផែនការមេរយៈពេល ៥ឆ្នាំរបស់ ប.ស.ស.។
    គួររំលឹកថា៖ ទំនាក់ទំនងការទូតទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ១៩៩៦។
    ក្នុងឱកាសជាមួយគ្នានេះផងដែរ លោក Yongwan Kim នាយកវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ តំណាងលោក Kang Soonhie ប្រធានអង្គភាព COMWEL បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃ ប.ស.ស. កម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អប្រសើរក្នុងការអនុវត្តរួមគ្នាទៅលើកិច្ចការងារមួយចំនួននាពេលកន្លងមកនេះ។
    លោក Yongwan Kim បានថ្លែងទៀតថា ៖ ក្នុងនាមអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉ នៅតែបន្តកិច្ចសហការក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទាជាមួយ ប.ស.ស. កម្ពុជា ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរឡើង។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំ និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងថ្នាក់ដឹកនាំ តំណាងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ សរុបប្រមាណជាង៥០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.