Mail |
  • ភាសាខ្មែរ
  • English
  • គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល

    ខេត្តស្វាយរៀង៖ ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួមជាអធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” ដោយមានវត្តមានចូលរួមជាសហអធិបតីពីលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

    ក្នុងឱកាសពិធីផ្សព្វផ្សាយខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង បានថ្លែងឡើងពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ទន្ទឹមនឹងវិបត្តិនៃជំងឺកូវីដ-១៩ បានធូរស្រាល និងបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍បែរជានៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត។

    ជាមួយនឹងក្ដីបារម្ភខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារ ស.ផ.ក ជាសេនាធិការ តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់រោងចក្រ សហគ្រាស និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញលើមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិតដោយធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារកិច្ចលើការងារចរាចរណ៍ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត។

    ឯកឧត្តមក៏បានថ្លែងឲ្យដឹងបន្ថែមថា៖ តាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ១ ៦៧២ករណី ជនរងគ្រោះចំនួន ១ ៩១៩នាក់ (ស្លាប់ ៤៧នាក់ របួសធ្ងន់ ៥៦៧នាក់ និងរបួសស្រាល ១ ៣០៥នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥លើក របួសសរុប ១០៦នាក់ (របួសធ្ងន់ ១៦នាក់ និងរបួសស្រាល ៩០នាក់) មានការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ ។

    ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដែលរួមមានអនុសាសន៍ដូចខាងក្រោម៖
    – ជំរុញឲ្យបងប្អូនកម្មករនិយោជិតដែលប្រើប្រាស់ម៉ូតូ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (ពាក់មួកសុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឲ្យបានត្រឹមត្រូវ)
    – ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ
    – ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស
    – ជំរុញឲ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់
    – លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត។

    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅក្រោមការធ្វើបទបង្ហាញរបស់ ឯកឧត្តម ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ ស.ផ.ក នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថាប័ន មន្ទីរ រោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករ-កម្មការិនី សរុបប្រមាណជាង ៣០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.