Mail |
  • ភាសាខ្មែរ
  • English
  • នាព្រឹកនេះ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានបើកកិច្ចប្រជុំលើកទី១១ អាណត្តិទី១ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈមួយចំនួនដែលបានគ្រោងទុក

    ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាសចំនួន២ ដែលរួមមាន៖ ១).សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសពនៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ និង ២).សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ។
    ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ពិនិត្យ និងពិភាក្សា ព្រមទាំងកែសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើសេចក្តីព្រាងប្រកាសខាងលើ ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការអនុវត្តការងារ ព្រមទាំងរក្សាតម្លាភាព លើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ របស់បេឡាជាតិសន្តិសុខសង្គម ឲ្យកាន់តែមានភាពល្អប្រសើរ ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាព ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ។
    បន្ទាប់ពីក្រុមប្រឹក្សាភិបាល ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា ពេញមួយព្រឹកនេះ សេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសពនៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ដែលមាន ៣ជំពូក ៧ប្រការ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អនុម័តទាំងស្រុង ដោយឡែកសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ដែលមាន ៧ជំពូក ២២ប្រការ បានពិនិត្យ និងកែសម្រួល ២ជំពូក និង៧ប្រការរួចរាល់ ចំពោះចំណុចដែលនៅសេសសល់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នឹងលើកកិច្ចប្រជុំពិភាក្សានាពេលក្រោយទៀតតាមការគ្រោងទុក។
    ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង និងការសហការយ៉ាងល្អ របស់ក្រុមប្រឹក្សាភិបាល ប.ស.ស. ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារកន្លងមក បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប.ស.ស. នៅតែបំពេញតួនាទីយ៉ាងល្អក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។
    សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១០ រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.