(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីបច្ចេកទេស តំណាងឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្នុងនាមស្ថាប័នដែលត្រៀមចូលជាសមាជិក នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (International Social Security Association, ISSA) ដឹកនាំដោយឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាន ចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី “ការពង្រីកកិច្ចគាំពារសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ជនភៀសខ្លួន និងសមាជិកគ្រួសារ៖ ការណែនាំសម្រាប់អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្តន៍” តាមរយៈប្រព័ន្ធអនឡាញ។
តាមការបញ្ជាក់ពីសំណាក់ឯកឧត្តមអគ្គនាយករង ប.ស.ស. បានឱ្យដឹងថា៖ សិក្ខាសាលាខាងលើនេះ បានពិភាក្សា ដោយផ្តោតលើចំណុចសំខាន់ៗ មួយចំនួន រួមមាន (១) ដំណោះស្រាយ បញ្ហាប្រឈមដល់ពលករទេសន្តរប្រវេសក៍ក្នុងការទទួលបានកិច្ចគាំពារសង្គមនៅក្នុងប្រទេសទទួល និងនៅពេលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ (២) ការបង្ហាញអំពីវិធីសាស្ត្រផ្សេងៗ ក្នុងការពង្រីកកិច្ចគាំពារសង្គមដល់ពលករទេសន្តរប្រវេសក៍ និងសមាជិកគ្រួសារ (៣) ការពិភាក្សាអំពីជម្រើសគោលនយោបាយ ដែលបានបង្ហាញនៅក្នុងការណែនាំ ដោយផ្អែកលើបទពិសោធន៍ និងការអនុវត្តថ្នាក់ជាតិ
និង (៤) ការបង្ហាញអំពីទស្សនៈរបស់តំណាងកម្មករនិយោជិត និងនិយោជកលើខ្លឹមសារនៃការណែនាំ និងជម្រើសគោលនយោបាយ។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិក នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ជាង ៣២០ស្ថាប័ន ដែលមកពី ១៦០ប្រទេស ផ្សេងៗគ្នា ព្រមទាំងមានការចូលពីសមាសភាពត្រីភាគីរបស់អង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារដៃគូរបស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល (NGOs) និង អ្នកសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូបផងដែរ៕