(ភ្នំពេញ)៖ នេះជាជំនួបទ្វេភាគីលើកដំបូងហើយ ដែល ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានទទួលជួបពិភាក្សាជាមួយ លោក ប៉ុកពង្ស ឡាវ៉ាន់ស៊ីរិ ប្រធានអង្គភាពសិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា ដើម្បីកំណត់វិធីសាស្រ្ត និងការអនុវត្តសកម្មភាពនានា ដែលអាចគាំទ្រឲ្យកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គមកម្ពុជា។
ក្នុងឱកាសជំនួបពិភាក្សានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានសំដែងនូវការស្វាគមន៍ និងអំណរគុណចំពោះអង្គការសហប្រជាជាតិដែលបានរក្សាទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ប្រចាំនៅកម្ពុជា និងបានសហការគំាទ្រឲ្យកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គមកម្ពុជា ដើម្បីពង្រឹងនូវការអភិវឌ្ឍវិស័យសន្ដិសុខសង្គម ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវការគាំពារសន្ដិសុខប្រាក់ចំណូល ដល់សមាជិក ប.ស.ស. ដែលបណ្ដាលមកពីការឈឺ គ្រោះថ្នាក់ការងារ ពិការភាព មាតុភាព និងចាស់ជរាជាដើម។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់បន្ថែមថា៖ កន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានខិតខំបង្កើនកិច្ចសហការជាមួយអង្គការជាតិ និងអង្គការអន្ដរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងន័យដើម្បីពង្រឹង និងពង្រីកសមត្ថភាពការងារក្នុងការអនុវត្តទៅលើរបបសន្ដិសុខសង្គមបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញក្នុងន័យសំដៅជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងព្រមទាំងអាចគ្របដណ្ដប់ទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក ប៉ុកពង្ស ឡាវ៉ាន់ស៊ីរិ ក៏បានលើកឡើងផងដែរថា៖ ក្នុងនាមជាប្រធានអង្គភាពសិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា លោកនឹងបង្កើនកិច្ចសហការការងារដ៏ល្អជាមួយ ប.ស.ស. ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសទទួលបានរបបសន្ដិសុខសង្គម និងសិទ្ធិទទួលបានជីវភាពសមរម្យ។
សូមបញ្ជាក់ជូនថា៖ ជំនួបពិភាក្សាទ្វេភាគីខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. ព្រមទាំងថា្នក់ដឹកនាំនៃអង្គភាពសេដ្ឋកិច្ច និងសង្គមនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា សរុបចំនួន ១១រូប៕