ភ្នំពេញ ៖នេះជាលើកទី២ហើយដែល បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធី និងយន្តការនៃការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរតាមទម្រង់អេឡិចត្រូនិចថ្មី ជូនដល់មន្ត្រី និងបុគ្គលិករបស់ខ្លួន ដោយមានការចូលរួមធ្វើបទបង្ហាញដោយ លោក ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ជាប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ និងជាប្រធានក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា។
កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមដល់មន្រ្តី និងបុគ្គលិក ប.ស.ស. ដល់នាយកដ្ឋានជំនាញ នៃ ប.ស.ស. ក៏ដូចជា ប.ស.ស. សាខាខេត្ត-ខណ្ឌ ជាពិសេសមន្ត្រី និងបុគ្គលិក ប.ស.ស. ដែលទទួលបន្ទុកសម្របសម្រួលផ្នែកអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនដល់ កម្មករនិយោជិត និងសមាជិក ប.ស.ស. នៅតាមបណ្តាសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ ដើម្បីជួយពន្លឿនការងារសម្របសម្រួលផ្នែកនេះឲ្យកាន់តែល្អប្រសើរ និងរឹតតែមានប្រសិទ្ធិភាពថែមទៀត។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំផ្សព្វផ្សាយខាងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តី និងបុគ្គលិក នៃ ប.ស.ស. ព្រមទាំងមានការចូលរួមពីមន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕