(ភ្នំពេញ) ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកមិញ នារសៀលថ្ងៃដដែលនេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ឯកឧត្តមបានអញ្ជើញធ្វើបទបង្ហាញពីបទអន្តរាគមន៍ស្តីពី”យុទ្ធសាស្រ្ដទី៤ ការអភិវឌ្ឍរបបសន្តិសុខសង្គមលទ្ធផលការងារសម្រេចបានឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ ប.ស.ស. ជូនដល់អង្គសន្និបាតទាំងមូល។
ក្នុងបទបង្ហាញខាងលើនេះផងដែរ ឯកឧត្តមអគ្គនាយករង ក៏បានលើកឡើងនូវ វឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ឆ្នាំ២០២១ ដែលរួមមាន (១) ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (២) ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (៣) ជំរុញការរៀបចំ និងការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន (៤) ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង (៥) បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា។ ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានបង្ហាញទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គមក្នុងឆ្នាំ២០២២ ផងដែរ។
សូមបញ្ជាក់ថា ៖ ការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គនាយករងខាងលើនេះ ប្រព្រឹត្តទៅនៅរសៀលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕