ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ប្រធានការិយាល័យគោលនយោបាយ និងប្រធានក្រុមការងារបច្ចេកទេសនៃគម្រោង SPIN ឯកឧត្តម ហេង សុផាន់ណារិទ្ធ ដោយមានការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានបន្តដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសគម្រោងកិច្ចគាំពារសង្គម លើផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN project) ។
កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសខាងលើ មានគោលបំណងផ្តោតសំខាន់ទៅលើ ៖
– ការធ្វើបច្ចុប្បន្នភាពលើគម្រោងកិច្ចគាំពារសង្គម ផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN project)
– ធ្វើបទបង្ហាញ និងត្រួតពិនិត្យលើសកម្មភាពការងារគម្រោងបន្តដើម្បីគ្រោងនឹងធ្វើការអនុវត្ត គម្រោងសាកល្បង (Pilot Project) ចំពោះប្រជាជនក្រុមគោលដៅដែលរួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាព។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីតំណាងមកពីការិយាល័យបច្ចេកទេសរបស់ ប.ស.ស. ចំនួន ០៩ ការិយាល័យ និងលោកស្រី Camille Vautier ជំនាញការនៃអង្គការហ្រ្គត៕