Mail |
  • ភាសាខ្មែរ
  • English
  • ថវិកាសរុបប្រមាណជាង ៧៨.៧ ពាន់លានរៀលហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស.

    ភ្នំពេញ៖គិតចាប់ពីថ្ងៃដែលបានដាក់ឱ្យដំណើរការនៃការផ្តល់ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ថវិការបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ៧៨.៧ ពាន់លានរៀលហើយ ដែលត្រូវបាន ប.ស.ស. បើកផ្តល់ជូនស្រ្តីសម្រាលកូនចំនួន ១៩៥ ៥៣០ នាក់ មានចំនួនកូនសរុប ១៩៦ ៨៦៦នាក់ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យ តាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។

    តាមរបាយការណ៍នេះដដែលបានបញ្ជាក់ទៀតថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ២.២ ពាន់លានរៀល ដែល ប.ស.ស. បានបើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន ៥ ៦៦២ នាក់ ដែលមានចំនួនកូនសរុបចំនួន ៥ ៦៩៩ នាក់។

    ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាព និងជីវៈភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

    រហូតមកទាល់ពេលនេះ បើទោះបីជាមានការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជា សមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតីទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមានឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បាននឹងកំពុងបន្តដឹកនាំអនុវត្ត ដោយធ្វើយ៉ាងណាឱ្យការផ្តល់សេវា គាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករនិយោជិតជាសមាជិករបស់ខ្លួន ។

    គួររំលឹកផងដែរថា៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម៖
    ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
    ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទ ត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
    ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
    ទី៤. សាមីខ្លួន ឬសាច់ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.