ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ហៅកាត់ថា ស.ផ.ក បានបង្កើតឡើងក្នុងឆ្នាំ២០១៣ គឺជាក្រុមការងារ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថាប័ន អង្គភាពសាធារណៈពាក់ព័ន្ធ សមាគម និងអង្គការវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតគ្រប់វិស័យ ពិសេសវិស័យវាយនភណ្ឌ និងផលិតកាបូបដែលជាក្រុមគោលដៅប្រឈមងាយរងគ្រោះ។ ក្រុមការងារ ស.ផ.ក ត្រូវបានបន្ថែម និងកែសម្រួលសមាសភាពមួយចំនួនដោយ សេចក្តីសម្រេចលេខ ០៨៩/២១ ក.ប/ស.ស.រ.ប.ស.ស. ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឲ្យសមស្របទៅតាមកំណើនការងារ និងរក្សាអត្រាគ្រោះថ្នាក់ការងារលើកម្មករនិយោជិតស្ថិតក្នុងកម្រិតទាបបំផុត។ ក្រុមការងារនេះ មានតួនាទីភារកិច្ចដូចជា៖
- កសាងផែនការសកម្មភាពសំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ
- សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ វិភាគរកមូលហេតុចម្បងៗ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត
- ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរ តាមរោងចក្រ សហគ្រាសទូទាំងប្រទេស
- រៀបចំវិធានការផ្សព្វផ្សាយអប់រំ ណែនាំ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និង កម្មករនិយោជិត
- សហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ រួមបញ្ចូលទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវទឹក ក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមគោលដៅដើមទីមុនពេលចេញដំណើរ និងសម្របសម្រួលករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍
- អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់របស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- សេចក្តីសម្រេចលេខ ០០២/១៣ កប/ស.ស.រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៣ ស្តីពី ការបង្កើតក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត
- សេចក្ដីសម្រេចលេខ ០៨៩/២១ ក.ប/ស.ស.រ.ប.ស.ស. ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលសមាសភាព ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម
- សេចក្ដីសម្រេចលេខ ០០៨/២២ ក.ប/ស.ស.រ.ប.ស.ស. ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ដីពី ការតែងតាំងប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម
- សេចក្តីអំពាវនាវលេខ ០៨/១៦ ប.ស.ស. ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមការងារ ស.ផ.ក នៃ ប.ស.ស.