ភ្នំពេញ៖ បុគ្គលិកជំនាញ ដែលទទួលបានការលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យរបបសន្តិសុខសង្គមលើកទី២នេះ មានចំនួនជាង ១០០នាក់ ដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ដែលប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំនៃទី ស្នាក់ការកណ្តាលនៃ ប.ស.ស. រាជធានីភ្នំពេញ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានធ្វើបទបង្ហាញ និងពន្យល់ណែនាំ ដល់បុគ្គលិកជំនាញទាំងអស់ឱ្យកាន់តែមានការយល់ដឹងច្បាស់លាស់ថែមទៀត ទាក់ទងទៅនឹងការងារជំនាញក្នុងប្រព័ន្ធ សន្តិសុខសង្គម ដើម្បីបង្កើនសមត្ថភាព និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ទាក់ទងនឹងការអនុវត្តការងារ ប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធិភាព និងធានាបាននូវគុណភាព និងភាពទាន់ពេលវេលា នៃការផ្តល់សេវារបបសន្តិសុខសង្គម ជូនសមាជិក ប.ស.ស. បើទោះបីជាកន្លងមកនេះ បុគ្គលិកជំនាញទាំងអស់ បានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយ ទទួលបានលទ្ធផលល្អហើយក្តី។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យរបបសន្តិសុខសង្គម ក្នុងឆ្នាំនេះ គឺត្រូវបានរៀបចំ ឡើងចំនួន៣វគ្គ ដែលក្នុងមួយវគ្គៗមានរយៈពេលចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅ ពេលបញ្ចប់វគ្គនីមួយសុទ្ធតែមានការប្រឡងវាស់ស្ទង់សមត្ថភាព ដើម្បីឱ្យប្រកដប្រជាថា នឹងអាចយកទៅអនុវត្តជំនាញ របស់ខ្លួនប្រកបដោយគុណភាពខ្ពស់ ក្រោយពីបានបញ្ជាប់វគ្គសិក្សា៕