រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ១០រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះ បានអញ្ជើញធ្វើបទបង្ហាញដោយផ្ទាល់ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សរុបប្រមាណជាង ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តីផ្ទាល់ ។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងថា៖ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពី ថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៥២ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ៣០២ និងមន្ទីរពេទ្យឯកជនចំនួន ៥០ ។
នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖
– សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
– សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់
– សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។
គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ៣០ ៧២៧ ដង-នាក់។
ឯកឧត្តមប្រតិភូ បានថ្លែងបន្តថា៖ គិតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរង គ្រោះជាកម្មករនិយោជិត សរុបចំនួន ២២០ ៨៨៩នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិក ចំនួន ១៦៣៧៨៧៦នាក់ ។
ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតប្រមាណជាង ២ ៣៨៦ ៥៣៨ ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៩៩៧ ៦៤៥នាក់ ។
ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវា មូលនិធិសមធម៌សុខាភិបាល និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មករនិយោជិតជាស្ត្រីសម្រាល កូនចំនួន ៧៧ ៨២៤នាក់ កូនចំនួន ៧៨ ៣៧៨នាក់ និងបានចំណាយទឹកប្រាក់សរុបចំនួន ៣១ ៣៥១ ២០០ ០០០រៀល ។
ទាំងនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋជាកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។
ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា ៖ ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យ ការងារ នឹងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំ ដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅក្នុង ឆ្នាំ២០១៩ នេះ ។
ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ការបង្កើតរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារសម្រាប់មន្ត្រីរាជការ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូននូវការគាំពារសង្គម និងការធានាឱ្យបាននូវ សន្តិសុខសង្គម ព្រមទាំងសេដ្ឋកិច្ចជូនមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារ និងអតីតមន្ត្រីរាជការ អតីតយុទ្ធជន ដែលបានតស៊ូបំពេញការងារជូនជាតិមាតុភូមិ នាពេលកន្លងមក ឱ្យចាកផុតពីហានិភ័យនៅពេលពួកគាត់ ជួបប្រទះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសុខភាព ឫគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕