រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិត ថ្នាក់ជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំធំនៃ ប.ស.ស ដោយមានការអញ្ជើញចូលរួមពី ភាគីទាំងពីរ សរុបប្រមាណជាង ៤០នាក់ ។
ឯកឧត្តម ស៊ុំ សោភ័ណ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់អំពីការកំណត់តម្លៃឱសថក្រៅពីបញ្ជី ឱសថសារវន្តសម្រាប់ ព្យាបាលជំងឺលើសឈាម សម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជូនដល់សមាជិក ប.ស.ស ។
កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ បានជម្រុញឱ្យមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងឯកជនទាំង អស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស គប្បីយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនិងការមកទទួលសេវាពិនិត្យ ព្យាបាលជំងឺរបស់សមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ឯកឧត្តមនាយករង បានឱ្យដឹងដែរថា កម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួល សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅឡើយទេ ដូច្នេះដើម្បីឱ្យកាន់តែមានភាពល្អប្រសើរឡើង សូមឱ្យមានការចូលរួមដោយយកចិត្តទុកដាក់បន្ថែមទៀតពីខាងមន្ទីរពេទ្យ ។
បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន សរុបចំនួន ១ ៣៣៧ មូលដ្ឋានសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ មូលដ្ឋាន សុខាភិបាល និងមន្ទីរពេទ្យឯកជនចំនួន ៤៥ មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទាំងនេះ គឺជាការឆ្លើយតប ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម ដើម្បីរក្សាសុខុមាលភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង៕