ភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងរ៉ែ និងថាមពល បានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយ អំពីគោលនយោបាយនៃការអនុវត្ត របបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងរ៉ែ និងថាមពល ដែលប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់ ។
ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា មកដល់ថ្ងៃនេះ ប.ស.ស បានចុះប្រគល់ ប័ណ្ណសមាជិករបស់ខ្លួនជូនដល់មន្រ្តីសាធារណៈ បានចំនួន ១៤ក្រសួង រួចមកហើយ ហើយ ប.ស.ស នៅតែបន្តសហការ ជាមួយបណ្តាក្រសួងផ្សេងទៀត ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ ដែលមិនទាន់មានប័ណ្ណ ប.ស.ស សម្រាប់ទៅទទួលសេវារបបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។
ឯកឧត្តម នាយករង បានថ្លែងបន្តទៀតថា អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពី ថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិសរុបចំនួន ១៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៣ ដែលគ្រប់សមាជិក ប.ស.ស ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃ ។
ឯកឧត្តម នាយករង បានបញ្ជាក់បន្ថែមថា គិតចាប់ពីពេលដំណើរការដំបូងក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ប.ស.ស បានផ្តល់តាវកាលិក ៖
– ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៦ ៣៥៧នាក់ ក្នុងចំណោមកម្មករនិយោជិតជា សមាជិកចំនួន ១ ៦១៤ ៣៣៩នាក់ នៃសហគ្រាសចំនួន ១២ ៦៨៨សហគ្រាស។
– ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតចំនួន ១ ៨៥០ ៧១៩ដង-នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជាង ១ ៦១៤ ៣៣៩នាក់ នៃសហគ្រាស ចំនួនជាង ១០ ១៥២ សហគ្រាស។
ឯកឧត្តម នាយករង បានបន្តទៀតថា ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦នាក់ ក្នុងនោះមន្ត្រីរាជការចំនួន ២០៤ ០៨៤នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ និងអតីតយុទ្ធជន សរុបចំនួន ៥៤ ៧៧០នាក់ ។ បច្ចុប្បន្ន មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានទៅទទួលសេវា ថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបានដែលជាដៃគូជាមួយ ប.ស.ស បានចំនួន ២២ ០០១ដង-នាក់។
ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែក ថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ ៕