Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស ទាំងស្រុង ខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ផ្តល់ជូននៅឡើយ

    រាជធានីភ្នំពេញ៖  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសង្គម (ប.ស.ស)  ឯកឧត្តម អ៊ុក សមវិទ្យា បានថ្លែងថា ប.ស.ស បានផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិកប.ស.ស ទាំងស្រុង ដោយ រាប់តាំងពីការព្យាបាលដោយកាំរស្មី ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់ផងដែរ នៅក្នុងខណៈដែលសេវានេះបណ្តាប្រទេសមួយចំនួននៅអាស៊ានមិនទាន់ហ៊ានផ្តល់នៅឡើយ ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលលើកឡើងយ៉ាងដូច្នេះ គឺស្ថិតនៅក្នុងឱកាសអញ្ជើញផ្តល់បណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងបរិស្ថាន ចំនួន ២៦៩៩បណ្ណ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី  អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីតំណាង អង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជា ១៥០នាក់ នាព្រឹកថ្ងៃអង្គារ ៥រោជ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

    ទាក់ទងទៅនឹងការផ្ដល់សេវាថែទាំសុខភាពជូនដល់កម្មករនិយោជិតនេះ ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកថា៖ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែល កំពុងបម្រើការងារសរុប ចំនួន ១ ៤៧៣នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ ២៥០នាក់។

    អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព  ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៣ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទី មោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ២ ២០១ ដង-នាក់ (ករណី)។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាព រស់នៅរបស់មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តថា៖ គិតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជា កម្មករនិយោជិត សរុបចំនួន ២១៤ ៣៧០នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិក ចំនួន ១ ៤៨៧ ៤៩១នាក់ នៃរោងចក្រ សហគ្រាស ចំនួន ១២ ៦៨៨សហគ្រាស។

    ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតប្រមាណជាង ១ ៨៥២ ០៤៦ ដង-នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៥៩២ ៥៥៧នាក់ នៃរោងចក្រ សហគ្រាស ចំនួនជាង ៨ ៥០៨ ។

    ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌ សុខាភិបាល ដែលមកដល់ពេលនេះ បានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣ សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៧ ៨៤៥នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៥៦ ៧៨៥នាក់ កូនចំនួន ៥៧ ២១៣ នាក់  និង។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា ៖ ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នឹងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់ សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ ។

    លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា៖ ការបង្កើតរបបសន្តិសុខ​សង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីក្រសួងបរិស្ថាន អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូន មន្ត្រីក្រសួងបរិស្ថាន នូវការគាំពារសង្គម និង ការធានានូវសន្តិសុខសង្គម ព្រមទាំងសេដ្ឋកិច្ចជូនមន្ត្រីរាជការដែលកំពុងបំពេញការងារ និងអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន​ដែលបានតស៊ូបំពេញការងារជូនជាតិមាតុភូមិ នាពេលកន្លងឱ្យចាកផុតពីហានិភ័យនៅពេលពួកគាត់ ជួបប្រទះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសុខភាព ឫគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.