រាជធានីភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៥៤ ៣៣៨នាក់ និងកូនសរុប មានចំនួន ៥៤ ៧៤២នាក់ (កូនភ្លោះពីរ ចំនួន ៣៩៥នាក់ និងកូនភ្លោះបី ចំនួន ០៥នាក់) និងបានចំណាយថវិកា ចំនួនប្រមាណជាង ២០ពាន់លានរៀល។
ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល៖
– សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០០ ០០០រៀល
– សម្រាលបានកូនភ្លោះបី ទទួលបាន ១ ២០០ ០០០រៀល
ហើយត្រូវបានបើកផ្តល់ដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការផ្តល់ជូនកាដូពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។
គោលនយោបាយថ្មីនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនជាកម្មករនិយោជិត និងជាពិសេសបងប្អូនកម្មការិនីជាស្ត្រីសម្រាលកូនជាច្រើន ដែលបានទទួលនូវប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលនេះ។
នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។
គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕