Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម ចែកបណ្ណសមាជិក ប.ស.ស ចំនួនជាង ៦ពាន់បណ្ណ សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    រាជធានីភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៩ អនក្រ.បក និងចែកបណ្ណសមាជិក ប.ស.ស ជូនដល់ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨  ស្ថិតនៅក្នុងសាលប្រជុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ពិធីចែកបណ្ណខាងលើនេះ  ប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា សរុបប្រមាណជាង ៧០នាក់ ។

    ឯកឧត្តម នុត ច័ន្ទសុខា បានថ្លែងថា នេះជាលើកដំបូងហើយ ដែលបេឡាជាតិរបបសន្តិសុខសង្គមបានចែកបណ្ណសមាជិក ប.ស.ស ជាង ៦ពាន់បណ្ណ សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្រ្តីរាជការសាធារៈ សរុបចំនួន ៧ ៨៥៣នាក់ ក្នុងនោះមន្រ្តីរាជការស៊ីវិលមានចំនួន ៦ ៨២៩ នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ១ ០២៤នាក់ ដែលនឹងត្រូវទទួលបានបណ្ណសមាជិក ប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមគ្រឹស្ថានសុខាភិបាលនានា។

    ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្រោមអាណាព្យាបាល ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងបានចាប់ផ្តើមដំណើរការចុងឆ្នាំ២០០៨។

    តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួជាទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    បច្ចុប្បន្ន មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ១៨ ៣២៥ដង/នាក់ ។

    រហូតមកដល់បច្ចុប្បន្ននេះទៀត ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៣ ០២៥នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៤៨០៩៣២នាក់ នៃរោងចក្រ សហគ្រាសចំនួន ១២ ៥៨៨សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតប្រមាណជាង ១ ៥៩០ ៥៨២ដង/នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៨០៩ ០៥០នាក់ នៃរោងចក្រសហគ្រាសចំនួនជាង ៨ ២៦៩ សហគ្រាស។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.