កំពង់ធំ៖ ក្រុមការងារការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានចុះផ្តល់ឈើច្រត់ ស៊ុមរៀនដើរ បង្រៀនពីរបៀបប្រើប្រាស់ ពិនិត្យស្ថានភាពរស់នៅ និងជួបប្រជុំជាមួយមន្រ្តីទទួលបន្ទុកផ្នែកស្តារនីតិសម្បទាខេត្តកំពង់ធំ។
ការចុះសួរសុខទុក្ខ និងផ្តល់ជូនឧបករណ៍ខាងលើនេះ គឺមានកម្មករនិយោជិតជាសមាជិក ប.ស.ស ចំនួន ០៣នាក់ដែលបានជួបគ្រោះថ្នាក់ការងារ៖
១. កម្មការិនីកើតឆ្នាំ១៩៨៥ ជាអ្នកប្រមូលជ័រកៅស៊ូ បម្រើការងារនៅក្រុមហ៊ុនចំការកៅស៊ូ (Tan Bien Kompong Thom) ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បណ្តាលឲ្យបាក់ឆ្អឹងភ្លៅ ត្រូវបានសម្របសម្រួលពីមន្រ្តី ប.ស.ស ដើម្បីទទួលការព្យាបាល បច្ចុប្បន្នស្ថានភាពរបួសគាត់មានសភាពប្រសើរ ទោះបីមិនទាន់ដកដែកអបដែលបានដាក់បង្កប់ក៏ដោយ តែជនរងគ្រោះនឹងទទួលការព្យាបាលតាមការណាត់របស់គ្រូពេទ្យ ហើយគាត់អាចបម្លាស់ទីបានតាមរយៈឈើច្រត់។
២. កម្មការិនីកើតឆ្នាំ២០០០ បម្រើការងារនៅក្រុមហ៊ុនផលិតទឹកសុទ្ធ (Fantastic Pure Drinking Water) ស្ថិតនៅឃុំក្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ បណ្តាលឱ្យបាក់ឆ្អឹងភ្លៅ និងស្នងជើង កជើង ត្រូវបានសម្របសម្រួលពីមន្រ្តីប.ស.ស ខេត្ត ដើម្បីទទួលការព្យាបាល បច្ចប្បន្នស្ថានភាពរបួសរបស់គាត់ជាសះស្បើយច្រើន ដែលកន្លងមកជនគ្រោះម្នាក់នេះពិបាកក្រោកឈរ និងបម្លាស់ទី ទើបក្រុមការងារបានផ្តល់រទេះកន្ធោរដើម្បីសម្រួលដល់ការបន្ទោរបង់ បម្លាស់ទី និងការព្យាបាលម្តងរួចមកហើយ ទើបថ្ងៃនេះក្រុមការងារយកស៊ុមរៀនដើរជូនគាត់ថែមទៀតដើម្បីសម្រួលដល់ការបម្លាស់ទី ហើយក៏ជួយសម្រួលការព្យាបាលផងដែរ។
៣. កម្មករកើតឆ្នាំ១៩៧៩ ជាជាងម៉ាស៊ីន បម្រើការងារនៅ Angkor Plywood Co., Ltd ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលឱ្យបាក់ឆ្អឹងភ្លៅ និងស្នងជើង ត្រូវបានសម្របសម្រួលពីមន្រ្តីប.ស.ស ដើម្បីទទួលការព្យាបាល បច្ចុប្បន្នជនរងគ្រោះមានស្ថានភាពរបួសជាសះបណ្តើរៗអាចបម្លាស់ទីតាមរយៈឈើច្រត់ដែលក្រុមការងារផ្តល់ជូន ទោះបីជាគាត់មិនទាន់ដល់ពេលដកដែកអបបង្កប់នោះចេញក៏ដោយ។
ជាមួយគ្នានេះផងដែរ ក្រុមការងារបានណែនាំពីរបៀបប្រើប្រាស់ឧបករណ៍ជំនួយទាំងនោះ និងឱ្យគាត់ព្យាយាមធ្វើចលនាតាមរយៈការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការរៀនដើរ ការបម្លាស់ទី ដែលជាកត្តាជម្រុញដល់ការព្យាបាលរបស់គាត់ឆាប់ជាសះស្បើយផងដែរ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមខែតុលាក្នុងឆ្នាំ ២០១៨ នេះ ក្រុមការងារ បានផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត រួមមានការផ្តល់៖ អវៈយវៈសិប្បនិម្មិត, រណប, ឧបករណ៍ជំនួយ, ការហ្វឹកហាត់កាយសម្បទាឡើងវិញ, ការព្យាបាលដោយចលនា ពិសេសក្រុមការងារបានផ្តល់ការប្រឹក្សា តម្រង់ទិសមុននឹងផ្តល់សេវា បានចំនួន ៤៤នាក់ ស្នើនឹង៤៨លើក ក្នុងនោះស្រីមាន២០នាក់។
ចំពោះស្ថានភាពរស់នៅរបស់ជនរងគ្រោះ ដែលក្រុមការងារបានទៅដល់គេហដ្ឋាន ឃើញថាមានភាពល្អប្រសើរ ហើយជនរងគ្រោះមានភាពរាក់ទាក់ រស់រាយ ពោរពេញដោយស្នាមញញឹមស្រស់ស្រាយ ដោយពួកគាត់បញ្ជាក់ថា កុំតែបាន ប.ស.ស ជួយ កុំអីមិនដឹងស្ថានភាពរបួសរបស់គាត់ទៅជាយ៉ាងណានោះទេ។ ករណីទាំងអស់នេះ មន្រ្តី ប.ស.ស ខេត្ត ក៏ដូចក្រុមការងារចុះទៅ បានតាមដានស្ថានភាពរបួសតាំងតែពីដើមទីមកម្លេះ ហើយពេលពួកគាត់ទទួលបានឧបករណ៍ជំនួយសម្រាប់សម្រួលដល់ការបំលាស់ទី ក៏ដូចជាសម្រួលដល់ការព្យាបាលផងដែរ។