បាត់ដំបង៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបាត់ដំបង បានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិត ឬ បុគ្គលិក ចាប់ពី ១នាក់ឡើងទៅ ត្រួវចុះបញ្ជីមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ឱ្យបានរួសរាន់ ដើម្បីឱ្យបងប្អូនកម្មករនិយោជិត មានសិទ្ធិទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។
ការលើកឡើងនេះ ខណៈពេលក្រុមអធិការកិច្ចការងារតែមួយ នៃ ប.ស.ស សាខាខេត្តបាត់ដំបង ចុះធ្វើអធិការកិច្ចនៅសហគ្រាស ប្រេស៊ីដិន ហ្វើនីឈ័រ ដែលមានអាសយដ្ឋាននៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
ក្រុមអធិការកិច្ចការងារតែមួយ បានអោយដឹងថា ការចុះទៅធ្វើអធិការកិច្ចនៅសហគ្រាសខាងលើ ដើម្បីឱ្យម្ចាស់សហគ្រាស មកចុះបញ្ជិកាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករនិយោជិតដែលកំពុងតែបម្រើការងារនៅក្នុងសហគ្រាសនេះ មានសិទ្ធិទទួលបានរបបសន្តិសុខសង្គម ដែល ប.ស.ស បានផ្តល់ជូន មានដូចជា ផ្នែកហានិភ័យការងារ បានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៨ និងផ្នែកថែទាំសុខភាព ត្រូវបានអនុវត្តចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ មក។ ដោយឡែកផ្នែកប្រាក់សោធន៍ នឹងត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩ ខាងមុខនេះ។
បន្ទាប់ពីម្ចាស់សហគ្រាស បានចុះបញ្ជិកាជាមួយ ប.ស.ស រួចកម្មករនិយោជិតទាំងអស់នឹងក្លាយជាសមាជិក ប.ស.ស ដោយពួកគាត់នឹងទទួលបានការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនបង់ថ្លៃ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕