ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធានការិយាល័យតាវកាលិក តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាវាឃ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចុប្បន្នភាពរបបសន្តិសុខសង្គម” ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនកម្ពុជា-សសសក ប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់អំពីនីតិវិធីចុះបញ្ជិកា នីតិវិធីទាមទារតាវកាលិក និងការទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស ដែលមានការអញ្ជើញចូលរួមពីប្រធាន រដ្ឋបាល តំណាងអង្គការ សមាគម ចំនួន ៥៤សហគ្រាស សរុបប្រមាណជាង ៦៧នាក់។
ថ្លែងទៅកាន់អង្គពិធី លោក សុក បូរ៉ា មានប្រសាសន៍ថា ប.ស.ស គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដើម្បីធានារ៉ាប់រងសង្គម និងផ្តល់សំណង (តាវកាលិក) ជូនដល់សមាជិក ដែលបានចុះបញ្ជីមកក្នុង ប.ស.ស ពេលជួបគ្រោះថ្នាក់ ឬមានជំងឺ។ ប.ស.ស ផ្តល់ការធានារ៉ាប់រងសង្គមមានផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដោយឡែកផ្នែកសាធននឹងចាប់អនុវត្តនៅឆ្នាំ២០១៩ ខាងមុខនេះ។
លោកបានបន្តថា នៅពេលបងប្អូនកម្មករនិយោជិត ជួបគ្រោះថ្នាក់នៅពេលបំពេញការងារ ជនរងគ្រោះអាចទៅទទួលការសង្គ្រោះបន្ទាន់ ព្យាបាល និងថែទាំវេជ្ជសាស្ត្រ រហូតដល់ជាសះស្បើយ ដោយឥតបង់ថ្លៃ ព្រមថែមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀតផង។
បន្ថែមលើនេះ សម្រាប់ផ្នែកថែទាំសុខភាព នៅពេលសមាជិក ប.ស.ស មានជំងឺ ឬគ្រោះថ្នាក់ក្រៅម៉ោងធ្វើការ គាត់ក៏អាចទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាដៃរបស់ ប.ស.ស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភនៅពេលសម្រាកព្យាបាលជំងឺផងដែរ។
លោក សុក បូរ៉ា ក៏បានអំពាវនាវដល់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានកម្មករនិយោជិតចាប់ពី ១នាក់ ឡើងទៅ ត្រូវចុះបញ្ជីការមកក្នុង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យបុគ្គលិក ក៏ដូចជាកម្មករនិយោជិតដែលកំពុងបម្រើការងារ ឱ្យទទួលបានសិទ្ធិទៅប្រើប្រាស់សេវាពិនិត្យព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតគិតថ្លៃ។
ពិសេសបំផុត បងប្អូនកម្មរនិយោជិតជាសមាជិក ប.ស.ស ត្រូវតែចងចាំលេខសង្គ្រោះបន្ទាន់ ១២៨៦ ដែលបងប្អូនអាចតេ (call) ដោយឥតគិតថ្លៃគ្រប់ប្រព័ន្ធ សម្រាប់រាយការណ៍ពេលមានករណីគ្រោះថ្នាក់ការងារ ឬជួបបញ្ហាមិនប្រក្រតីណាមួយ រាល់ពេលទៅទទួលសេវានៅតាមមន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ៕