Mail |
  • ភាសាខ្មែរ
  • English
  • បើរថយន្តធ្វេសប្រហែសមួយពេល បង្កសោធនាដកម្មទាំងព្រឹក ដល់កម្មករនិយោជិត ៣គ្រួសារ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ និង ៤០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឱ្យកម្មករ ២នាក់ បានស្លាប់ និងរបួសធ្ងន់ម្នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ២០៥ និង ២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

    ហេតុការគ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយរថយន្តដឹកសំរាម បើកបរក្នុងល្បឿនលឿន(ចូលក្រុង) នឹងខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ជិះគ្នា ៣នាក់ ម៉ាកហុងដា ពណ៌ខ្មៅ បណ្តាលឱ្យស្លាប់ និងរងរបួសតែម្តង។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះឱ្យដេករដូក​រណែល នៅលើផ្លូវយ៉ាងគួរឱ្យសង្វេគ។ ជនរងគ្រោះទាំង ៣នាក់ មានឈ្មោះ៖

    ១- ឈ្មោះ នេន វិជ្ជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ បានស្លាប់នៅកន្លែងកើតហេតុ ត្រូវបានមន្ត្រី ប.ស.ស ខេត្តសហការជាមួយក្រុមគ្រួសារ ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតក្នុងខេត្តកំពត។

    ២- ឈ្មោះ ម៉ី  វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ត្រូវបានមន្ត្រី ប.ស.ស ខេត្ត ធ្វើការសម្របសម្រួលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

    ៣- ឈ្មោះ ម៉ៅ ទឹប ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅគ្លីនិចសេតេ។

    ជនរងគ្រោះទាំង ៣នាក់ ធ្វើការនៅរោងចក្រ ខេមបូឌាន ចាន ស៊ីន ហៅហូល ប្រូដាក់ស៍ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    អ្នករងរបួសនៅក្នុងមន្ទីរពេទ្យនឹងត្រូវទទួលបានការសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាល ដោយឥតគិតថ្លៃ រហូតដល់ជាសះស្បើយ រួមជាមួយប្រាក់ឧបត្ថម្ភផ្សេងទៀត។ ចំណែកជនរងគ្រោះដែលស្លាប់ត្រូវទទួលបានប្រាក់សោហ៊ុយបូជាសព ចំនួន ៤លានរៀល រួមជាមួយការផ្តល់ប្រាក់ឧត្តរជីវីសម្រាប់ជននៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ ពីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជជីវៈ ផងដែរ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.