ភ្នំពេញ៖ ឯកឧត្តម ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត ក្នុងរយៈ ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨ មានការថយចុះ ចំនួន ៤៦% បើប្រៀបធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ក្នុងឆ្នាំ២០១៧ កន្លងទៅ។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៤ខែ ក្នុងឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ ចំនួន ៥២៤លើក មានការថយចុះ ចំនួន ៤៤៣លើក បណ្តាលឱ្យកម្មករនិយោជិតរងរបួសសរុប ចំនួន ៥៦៣នាក់ ថយចុះ ៨៦២នាក់ ស្មើនឹង ៦០%។ ក្នុងនោះដែរ របួសស្រាល ចំនួន ៤៣៣នាក់ ថយចុះចំនួន ៦៥% ស្មើនឹង ៧៩៤នាក់ រងបួសធ្ងន់ចំនួន ១២០នាក់ ថយចុះ ៣១% ស្មើនឹង ៥៥នាក់ និងអ្នកស្លាប់មាន ចំនួន ១០នាក់ ថយចុះ ចំនួន ៥៧% ស្មើនឹង ១៣នាក់ ធៀបនឹងឆ្នាំ២០១៧។
លទ្ធផលថយចុះនៃគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិតនេះ ស្របពេលជាមួយក្រុមការងារ ស.ផ.ក បានកំពុងបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់កម្មករ កម្មការិនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចរាល់ពេលធ្វើដំណើរ ទៅនឹងមកពីកន្លែងធ្វើការ រួមទាំងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ត្រូវបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាពិសេសត្រូវប្រកាន់ខ្ជាប់សីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដូចខាងក្រោម៖
១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
២៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងដាច់ខាត
៣៖ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
៤៖ មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេកដាច់ខាត
៥៖ ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
៦៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៧៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៨៖ ត្រូវប្រកាន់ស្តាំជានិច្ច
៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច៕
យោងតាមរបាយការណ៍រយៈពេល ៤ខែ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី ចំនួន ២១៦លើក អ្នកចូលរួមសរុប ៤៦ ៦៦៥នាក់ និងប្រជុំអប់រំផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តដឹកកម្មករ ចំនួន ៨២លើក មានអ្នកចូលរួមសរុប ចំនួន ១៧ ៧៦៧នាក់។
ដោយកន្លងមក ប.ស.ស បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាកបាទក្រហមកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។