ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ។
ឯកឧត្តម អ៊ុក សមវិទ្យា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធាន ស.ស.យ.ក និងបានជម្រាបជូនអំពីគោលបំណងនៃអនុស្សរណៈនេះថា គឺមានគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមបណ្តុះបណ្តាល និងអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ សំដៅទប់ស្កាត់ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ កម្មការិនី ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យនៅកម្រិតអប្បបរមា ព្រមទាំងប្តេជ្ញារួមគ្នាអនុវត្តឱ្យទទួលបានជោគជ័យ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្តែងនូវសេចក្តីរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ និងសង្ឃឹមជឿជាក់យ៉ាងមុតម៉ាំថា ក្រោយពីចុះអនុស្សរណៈយោគយល់នេះរួច សមាជិក ប.ស.ស និងអ្នកបើកបរដឹកកម្មករ ទទួលបានការអប់រំអំពីសុវត្ថិភាពចរាចរណ៍ កាត់បន្ថយ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ប.ស.ស បានធ្វើការយកចិត្តទុកដាក់បំផុតចំពោះការងារចរាចរណ៍ ដូចជា៖
- ចុះស្រង់ស្ថិតិអ្នកបើកបរយានយន្តដឹកកម្មករ ហើយបញ្ជូលជាសមាជិក ស.ស.យ.ក
- ចុះផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករនៅតាមរោងចក្រប្រមូលផ្តុំ និងនៅកន្លែងផ្សេងៗទៀត
- ចុះបណ្តុះបណ្តាលប្រឡងផ្តល់បណ្ណបើកបរ ឲ្យបណ្ណបើកបរស្របតាមប្រភេទយានដល់អ្នកបើកបរយានយន្តដឹកកម្មករ
- ចុះបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករ ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន
- ចុះបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋមដល់អ្នកបើកបរយាន្តដឹកកម្មករ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងគ្រូពេទ្យប្រចាំរោងចក្រ
- ចុះបំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ
- ចុះសម្របសម្រួលពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា បានបើកទំព័រថ្មីនៃភាពជោគជ័យមួយទៀតហើយ នៃកិច្ចសហការរួមចំណែកដល់ការបណ្តុះបណ្តាលអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនកម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ពីសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សុជីវធម៌ក្នុងការបើកបរ និងសកម្មភាពសំខាន់ៗចាំបាច់ផ្សេងទៀតតាមតម្រូវការជាក់ស្តែង។
ឯកឧត្តមប្រធាន ក៏បានសម្តែងនូវកិច្ចសហការយ៉ាងកក់ក្តៅ និងការទទួលខុសត្រូវរបស់ស្ថាប័នទាំងពីរសម្រាប់កិច្ចសហការដ៏ល្អនេះ។