រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ត) ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស នៅសណ្ឋាគារភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសមាជិក សមាជិកា សរុបប្រមាណជាង ៥០នាក់។
ឯកឧត្តម អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា គោលបំណង នៃពិធីចុះអនុស្សារណៈយោគយល់ នាពេលនេះ គឺដើម្បីសម្រេចឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស ឱ្យកាន់តែល្អប្រសើរឡើង ដែលធ្វើឱ្យសមាជិក ប.ស.ស ទាំងអស់មានភាពងាយស្រួល និងមានភាពកក់ក្តៅក្នុងការទទួលបានសេវាសុខាភិបាល តាមរយៈការ សហការគ្នារវាង ប.ស.ស និងសមាគមដែលពោរពេញទៅដោយវេជ្ជបណ្ឌិតជំនាញៗ និងមានបទពិសោធន៍ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានសហការជាមួយ ប.ស.ស ក្នុងការរួមចំណែកផ្តល់សេវាព្យាបាលជូនបងប្អូនកម្មករនិយោជិត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា កាលពីពេលកន្លងទៅ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានសហការជាមួយ ក្រុមការងារ ប.ស.ស ក្នុងការចុះផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផងដែរ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺវះកាត់តូច ជំងឺភ្នែក ជំងឺត្រចៀក ច្រមុះនិងបំពង់ក ជំងឺបេះដូង អេកូបេះដូង ជំងឺឬសដូងបាត ជំងឺរោគស្ត្រី អេកូស្រ្តីមានផ្ទៃពោះ ពិនិត្យឈាមរកមេរោគផ្សេងៗ ជំងឺពកក ជំងឺថ្លើម ជំងឺសួត ជំងឺក្រពះពោះវៀន ជំងឺស្បែក និង ជំងឺផ្សេងៗទៀត។
សូមបញ្ជាក់ផងដែរថា សមាគម ស.គ.យ.ត បង្កើតឡើងក្នុងគោលបំណង ចំនួន ៣ធំៗ រួមមាន៖
- ចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។
- ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា។
- ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ឱ្យបានចូលរួមចំណែកម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។