ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាល និងចែកបណ្ណចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដល់អ្នកបើកបរឡានដឹកកម្មករប្រមាណជាង ២០០នាក់។
ពិធីនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យនៃ ប.ស.ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស និងជាប្រធានក្រុមកាងារ ស.ផ.ក ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងម្ចាស់តំបន់ មន្ត្រី ប.ស.ស ខេត្ត ប្រធានសមាគមឡានដឹកកម្មករ និងបងប្អូនអ្នកបើកបរឡានដឹកកម្មករនិយោជិត។
ឯកឧត្តម ជាវ ប៊ុនរិទ្ធ បានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់បណ្ណចេញ-ចូលបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងការដឹកជញ្ជូនកម្មករ និយោជិតឱ្យមានសុវត្ថិភាព ដោយ ប.ស.ស បានសហការជាមួយខាងតំបន់ ដើម្បីចេញបណ្ណចេញ-ចូល។ ពិសេសជាងនេះទៀត ប.ស.ស បានផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ចំនួន ១៩៦បណ្ណ ដល់អ្នកបើកបរឡានដឹកកម្មករផងដែរ ដើម្បីឱ្យពួកគាត់មានសិទ្ធិទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយមិនបង់ប្រាក់។ ការផ្តល់បណ្ណសមធម៌សុខាភិបាលនេះ បានធ្វើឡើងក្រោយពីទទួលបានទិន្នន័យរបស់អ្នកបើកឡានដឹកកម្មករ ក្រោមកិច្ចសហការពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងសមាគមអ្នកបើកឡានដឹកកម្មករ។
តាមរបាយការណ៍ប្រជុំបូកសរុបសមិទ្ធផលការងារសម្រេចបានឆ្នាំ២០១៧ របស់ក្រុមការងារ ស.ផ.ក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍របស់កម្មករ និយោជិតមានចំនួន ១ ៧៧១ករណី បណ្តាលឱ្យរងរបួសសរុបចំនួន ២៣២៦នាក់ (ស្រីទាំងអស់) របួសធ្ងន់ ចំនួន ៣២០នាក់ របួសស្រាល ចំនួន ១ ៩៧០នាក់ និងស្លាប់ ចំនួន ៣៦នាក់។ ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយកត្តាម៉ូតូមានចំនួន ៨៧.៦២% កត្តារថយន្ត ចំនួន ៣.៩៦% និងកត្តាផ្សេងៗ ចំនួន ៨.៤២%។
ឯកឧត្តម បានបន្តថា ដោយមានកិច្ចសហការពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ប.ស.ស បានរៀបចំពិធីចែកបណ្ណចេញ-ចូលបរិវេណក្រុមហ៊ុន និងផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់បងប្អូនអ្នកបើកឡានដឹកកម្មករ អាចទៅទទួលសេវាពិនិត្យ និងព្យាបាល ដោយមិនអស់លុយ នៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។
ទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន បេឡាជាតិរបបសន្តិសុខសង្គម ជាសេនាធិការ បានអនុវត្តលើប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរ ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតបង់ថ្លៃ។ ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីសម្រាប់ស្ត្រីនៅពេលសម្រាលកូនរួមមាន៖
*សម្រាលបានកូនម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៨០ម៉ឺនរៀល
*សម្រាលបានកូនភ្លោះ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន១លាន ២០ម៉ឺនរៀល ហើយគួរត្រេកអរបំផុតនោះ កូនភ្លោះ៣ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៥លានរៀល។