Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំលើកទី១ របស់គណៈកម្មការប្រឹក្សាយោបល់ ស្តីពី ការពិនិត្យ និងការរៀបចំផែនការសកម្មភាពបន្តសម្រាប់ អនុវត្តកម្មវិធី PROMISE ដំណាក់កាលទី២

    ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់កម្មវិធីលើកទី១ ស្តីពីការពិនិត្យ និងការរៀបចំផែនការសកម្មភាពបន្តសម្រាប់អនុវត្តកម្មវិធី កាត់បន្ថយភាពក្រីក្រតាមរយៈទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងការបង្កើនសេវារកការងារឱ្យធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងប្រទេសថៃ ដំណាក់កាលទី២ (PROMISE II) ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីតំណាងភាគីពាក់ព័ន្ធ សរុបប្រមាណជា ៥០នាក់ នៅសណ្ឋាគារភ្នំពេញ។
    កិច្ចប្រជុំប្រឹក្សាយោបល់ PROMISE ដំណាក់កាលទី២នេះ មានសារៈសំខាន់ ក្នុងការជួយឱ្យពលករទេសន្តរប្រវេសន៍ទទួលបានការការពារ និងការអភិវឌ្ឍជំនាញ ដែលនាំឱ្យទទួលបាននូវការងារដែលផ្តល់អត្ថប្រយោជន៍ដល់សាមីជន និងជួយដល់ការលើកកម្ពស់ការការពារពលករទេសន្តរប្រវេសន៍ តាមរយៈកិច្ចសហការជាមួយនឹងតួអង្គពាក់ព័ន្ធសំខាន់ៗនៃវិស័យសាធារណៈ និងវិស័យឯកជន ដែលនេះជាការរួមចំណែកដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
    បន្ថែមពីនេះការអនុវត្តកម្មវិធី PROMISE ដំណាក់កាលទី២ មានគោលដៅចំពោះពលករទេសន្តរប្រវេសន៍ មកពីប្រទេសទាំង៤ រួមមាន៖ កម្ពុជា ឡាវ ភូមា និងថៃ ដើម្បីទទួលបានការអភិវឌ្ឍជំនាញ ការទទួលស្គាល់ជំនាញ និងទទួលបានព័ត៌មានដេីម្បី ចងក្រងបណ្តាញ និងការការពារកាន់តែប្រសើរជាងមុន។ ជាពិសេសនិយោជក នឹងទទួលបានគោលនយោបាយ ឧត្តមានុវត្តន៍ ព្រមទាំងស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ការងារសមរម្យ និងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការចូលរួមបង្កើតយន្តការផ្តល់ការបណ្តុះបណ្តាលដល់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាការទទួលបានការបណ្តុះបណ្តាលអំពីការអភិវឌ្ឍជំនាញ និងការការពារដល់ពលករទេសន្តរប្រវេសន៍ ជាមួយគ្នាតំណាងរដ្ឋាភិបាល ទីភ្នាក់ងារជ្រើសរើសពលករ ព្រមទាំងអង្គការសង្គមស៊ីវិល នឹងទទួលបានការបណ្តុះបណ្តាលអំពីស្តង់ដារជ្រើសរើសពលករប្រកបដោយយុត្តិធម៌ ក៏ដូចជាក្រមសីលធម៌ និងការបណ្តុះបណ្តាលអំពីរបៀបនៃការត្រួតពិនិត្យតាមដាន។
    សូមបញ្ជាក់ថាៈ កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់កម្មវិធីលើកទី១ ស្តីពី ការពិនិត្យ និងការរៀបចំផែនការសកម្មភាពបន្តសម្រាប់អនុវត្តកម្មវិធី PROMISE ដំណាក់កាលទី២ ខាងលើនេះ មានគោលបំណងសំខាន់ៗ ៤រួមមាន:
    ១) បង្ហាញជូនអំពីកម្មវិធី PROMISE ដំណាក់កាលទី២ និងលក្ខន្តិកៈនៃគណៈកម្មការប្រឹក្សាយោបល់កម្មវិធីសម្រាប់កម្ពុជា
    ២) បង្ហាញជូនអំពីការឆ្លុះបញ្ចាំងលទ្ធផលរបស់កម្មវិធី PROMISE ដំណាក់កាលទី២ នៅក្នុងឆ្នាំទី១ (ខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២)
    ៣) ចែករំលែកអំពីឧត្តមានុវត្តន៍ ក៏ដូចជាមេរៀនដែលទទួលបានពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញរបស់ពលករទេសន្តរប្រវេសន៍ និងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញ ការទទួលស្គាល់ជំនាញ ការងារសមរម្យ និងការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពសម្រាប់ពលករទេសន្តរប្រវេសន៍
    ៤) ពិនិត្យពិភាក្សា និងអនុម័តលើផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំទី២ (ខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.