ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នាព្រឹកមិញនេះ ឯកឧត្តមបានថ្លែងថា៖ ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដែលយើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ប៉ុន្ដែទន្ទឹមនឹងនេះបញ្ហាគ្រោះថា្នក់ចរាចរណ៍ គឺជាបញ្ហាប្រឈមសំខាន់ដែលគ្រប់អង្គភាព ស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កើនការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ ដើម្បីអនុវត្តឲ្យបានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលធ្លាក់មកលើកម្មករនិយោជិត ឲ្យស្ថិតនៅកម្រិតទាបបំផុត ។
ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និងទិសដៅការងារអនុវត្ដបន្តឆ្នាំ២០២២ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ ស្ថិតនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក នៃក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត សរុបប្រមាណជាង ២០រូប។
ឯកឧត្តមអគ្គនាយក ក៏បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចណ៍ឱ្យបានត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករមិនត្រូវផ្ទុកចំនួនកម្មករលើសចំណុះ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នករួមដំណើរ។
ឯកឧត្តមអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ បើទោះបីជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបិទបញ្ចប់ជោគជ័យទាំងស្រុងក៏ពិតមែន ប៉ុន្ដែជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមចំពោះមុខ ដែលយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្ត និងគោរពតាមវិធានសុខាភិបាល តាមការដាក់ចេញនូវវិធានការដ៏ម៉ត់ចត់បំផុតរបស់ ប្រមុខដឹកនាំកម្ពុជា ៣ការពារ និង៣កុំ ដើម្បីរួមចំណែក និងចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងជាមួយនឹងការប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក បានចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសបានទាន់ពេលវេលា ដើម្បីសុខុមាលភាពជូនសង្គមជាតិ៕