Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. កម្ពុជា ក្នុងនាមជាប្រធានសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៧ (The 37th ASSA Chairman) បានបើកសិក្ខាសាលាស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” ជូនដល់តំណាងសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២២ស្ថាប័ន នៃប្រទេសអាស៊ានទាំង ១០ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)

    (ភ្នំពេញ) ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខា សាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិកអង្គភាពសមាគមសន្តិសុខ សង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។

    ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលានេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មាន សារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើងអំពីបញ្ហាប្រឈមដែលពាក់ព័ន្ធទៅនឹង ពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរ ឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរ ប្រវេសក៍។

    ក្នុងនាមឯកឧត្តមជាប្រធានសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៧ (The 37th ASSA Chairman) ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញមួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមកនៃ បណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជា សមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ច សហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។

    សូមបញ្ជាក់ថា៖ សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ដែលបានផ្តួចផ្តើមរួមគ្នាក្នុងចំណោមប្រទេសចំនួន៥ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បច្ចុប្បន្ន មានស្ថាប័នសន្តិសុខសង្គម នៅក្នុងបណ្តាប្រទេស អាស៊ានទាំងអស់ចំនួន ២២ស្ថាប័ន បានចូលជាសមាជិករបស់សមាគម ASSA រួមទាំង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលជាសមាជិកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី២៧ ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី។
    ដោយគោរពតាមអនុស្សរណៈ នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយស្ថាប័នជា សមាជិកនៃសមាគម ASSA ដើម្បីអនុវត្តប្រព័ន្ធសន្តិសុខសង្គមដែលត្រូវបានអភិវឌ្ឍ និងដាក់ឱ្យ អនុវត្តស្របតាមស្តង់ដាអន្តរជាតិ និងក្របខ័ណ្ឌបទប្បញ្ញត្តិជាតិ ប្រព័ន្ធ និងបរិបទសម្រាប់ការផ្តល់ ផលប្រយោជន៍ជូនដល់កម្មករនិយោជិត។

    ក្នុងកិច្ចព្រមព្រៀងនេះបានចែងថា សមាជិករបស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ តាមអក្សរក្រម នៃឈ្មោះប្រទេស ដែលជាសមាជិក។

    គួររំលឹកថា៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម” ដោយទទួលបានលទ្ធផលគួជាទីគាប់ចិត្ត និងបានបញ្ចប់ដោយផ្លែផ្កា រហូតឈានដល់ការស្នើសុំឱ្យមានសិក្ខាសាលាដ៏សំខាន់ខាងលើនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.