ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន ១៣រូប បានទៅបំពេញទស្សនៈកិច្ចសិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រង សុខភាពសង្គម ” នៅប្រទេសហ្វីលីពីន ។
តាមការបញ្ជាក់ប្រាប់ពីសំណាក់ លោក ស្រិល ស៊ីថាត តំណាង ប.ស.ស. កម្ពុជា បានឱ្យដឹងថា ៖ ការទៅចូលរួមដំណើរទស្សនៈកិច្ចសិក្សាខាលើ មានគោលបំណង ដើម្បីស្វែងយល់ ពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– សិក្សាអំពីប្រតិបត្តិការ និងការអនុវត្តនៃប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមរបស់ អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth)
– ស្វែងយល់អំពីទំនាក់ទំនងរវាងស្នាក់ការកណ្តាល (H-Q) និងការិយាល័យសាខាថ្នាក់ តំបន់/ខេត្តរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth)
– ស្វែងយល់អំពីការធ្វើប្រតិភូកម្មនៃតួនាទី និងភារកិច្ចរបស់ស្នាក់ការកណ្តាល (H-Q) និងការិយាល័យសាខាថ្នាក់តំបន់/ខេត្តរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) ។
លោកបានបញ្ជាក់បន្ថែមថា៖ ដំណើរទស្សនៈកិច្ចសិក្សាមួយនេះ គឺផ្តល់សារៈសំខាន់ ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់នូវចំណេះដឹង បន្ថែមទៀត ស្តីពីការអនុវត្តវិស័យសន្តិសុខសង្គមពិភពលោក ដើម្បីយកមកអនុវត្ តរបបសន្តិសុខសង្គមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងភាពល្អប្រសើរ នៃការរៀបចំឱ្យមានកិច្ចសហការរវាងរបបសន្តិសុខសង្គមកម្ពុជា និងវិស័យសន្តិសុខសង្គមនៃបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។
សូមបញ្ជាក់ថា៖ ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ខាងលើនេះ ប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពី មន្រ្តីជំនាញ តំណាងឱ្យ ប.ស.ស. កម្ពុជា ១៣រូប និងតំណាងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ប្រចាំកម្ពុជា សរុបជាច្រើននាក់ផងដែរ ៕