យោងតាមរបាយការណ៍ពីការិយាល័យស្តារនីតិសម្បទា បានឱ្យដឹងថា៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់GB នៃបេឡាជាតិរបបសន្តិសុខសង្គម លោក ធួង សំណាង អនុប្រធានការិយាល័យស្តារនីតិសម្បទានៃបេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការ ចែករំលែកនូវបទពិសោធន៍ជំនាញមួយចំនួនដល់មន្ត្រីនិងបុគ្គលិកដែលរួមការងារនៅក្នុងការិយាល័យប្រមាណជាង២០នាក់ បន្ទាប់ពីលោកបានទៅចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពលើអ្នកឯកទេសស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសម្រាប់ គ្រោះថ្នាក់ការងារ (Capacity-Building for Medical Rehabilitation Specialist against Industrial Accident) នៅសាធារណៈរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ ដែលរៀបចំឡើងដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL)នៃសាធារណៈរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភគាំទ្រដោយភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ(KOICA) ក្នុងគោលបំណងពង្រឹងបន្ថែមសមត្ថភាពមន្ត្រី និងបុគ្គលិក ដើម្បីផ្តល់សេវាស្តារនីតិសម្បទាដល់សមាជិក ប.ស.ស ឱ្យកាន់តែមាន ប្រសិទ្ធភាព និងគុណភាព។
សំរាប់ខ្លឹមសារនៃការចែករំលែកនោះរួមមាន ៖ ការផ្តល់សេវាស្តារនីតិសម្បទាដល់ កម្មករដែលស្ថិតនៅក្រោម WCI (Workers Compensation Insurance)នៅក្នុងប្រទេសកូរ៉េ គ្រប់គ្រងនិងផ្តល់សេវាដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ(COMWEL)។
ការផ្តល់សេវាស្តារនីតិសម្បទាដែលធ្វើឡើងនៅតាមមន្ទីរពេទ្យស្តារនីតិសម្បទារបស់ COMWELផ្ទាល់ ដោយផ្តោតសំខាន់ទៅលើការជួយកម្មករដែលទទួលរងគ្រោះ ថ្នាក់ការងារ ។
បន្ទាប់ពីទទួលសេវាស្តារនីតិសម្បទាវេជ្ជសាស្ត្ររួច ពួកគេអាចវិលត្រឡប់ទៅបំពេញ ការងាវិញ ឬត្រឡប់ចូលទៅក្នុងសង្គមវិញបាន។
ចំពោះកម្មវិធីផ្តល់សេវាស្តារនីតិសម្បទានៅប្រទេសកូរ៉េវិញចែកចេញជាបីប្រភេទគឺ សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ(Medical Rehabilitation), សេវាស្តារនីតិសម្បទាផ្នែកសង្គម( Social Rehabilitation and welfare), និងសេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation)
– សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ(Medical Rehabilitation) ជួយដល់កម្មករ ដែលទទួលរងគ្រោះថ្នាក់ការងារ ដើម្បីស្តារឡើងវិញនូវមុខងារនៃរាងកាយ និងជួយកាត់បន្ថយនូវកម្រឹតពិការភាព។
– សេវាស្តារនីតិសម្បទាផ្នែកសង្គម( Social Rehabilitation and Welfare) ជួយដល់ ជនពិការអាចគ្រប់គ្រងការភ័យខ្លាច និងភាពតានតឹងពីគ្រោះថ្នាក់នៅកន្លែងការងារ និងដើម្បីអាចវិលត្រឡប់ចូលទៅក្នុងសង្គមវិញ។
– សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ (Occupational rehabilitation) ជួយគាំទ្រដល់ជនពិការអាចវិលត្រឡប់ទៅបំពេញការងារវិញ។