ខេត្តសៀមរាប៖ ក្រោមការចាត់តាំងពីឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោល នយោបាយ និងមន្រ្តីជំនាញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញនៃកិច្ចសហការ ជាមួយដៃគូពាក់ព័ន្ធ (The Art of Stakeholder Collaboration) ដែលរៀបចំឡើង ដោយវិទ្យាស្ថានប្រមូលផ្តុំភាពជាអ្នកដឹកនាំ (Collective Leadership Institute) នៃប្រទេសអាល្លឺម៉ង់ ក្រោមការឧបត្ថម្ភគាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលស្មុគស្មាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺការកសាងសមត្ថភាពជាយុទ្ធសាស្ត្រ, ការអនុវត្តជំនាញក្នុងការទំនាក់ទំនង, កិច្ចសន្ទនា និងដំណើរការនៃកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៤០រូប មកពីបណ្តាប្រទេសចំនួន ៧ រួមមាន កម្ពុជា, ឡាវ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសបង់ក្លាដេស៕