គិតត្រឹមតែ ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ រហូតដល់ ៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ទឹកប្រាក់សរុបប្រមាណជាង ២.៣ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបើកផ្តល់ជូនកម្មការិនីជាស្រ្តីសម្រាលកូនសរុបចំនួន ៥ ៨០៥នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ ចំនួន ៣៩នាក់) ចំនួនកូនសរុប ៥ ៨៤៤នាក់ ដែលបានបើកផ្តល់ជូនតាមរយៈបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នេះបើយោងតាមរបាយការណ៍ក្រុមការងារការិយាល័យតាវកាលិក នៃបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដោយឡែកនៅឆ្នាំ២០១៩ ក្នុងរយៈពេល ៨ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ទឹកប្រាក់សរុបប្រមាណជាង ១៩.៩ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបើកផ្តល់ជូនកម្មការិនីជាស្រ្តីសម្រាលកូន សរុបចំនួន ៤៩ ៤៨០នាក់ (ស្តី្រសម្រាលបានកូនភ្លោះពីរចំនួន ៣១១នាក់ និងស្ត្រីសម្រាលបានកូនភ្លោះបី ចំនួន ០៤នាក់) ដែលមានចំនួនកូនសរុបចំនួន ៤៩ ៧៩៩នាក់ ។
សូមបញ្ជាក់ថា៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលឱ្យកាន់តែលឿន ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ពេលសម្រាលត្រូវកូន សាមីខ្លួនត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម ៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេល យ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១ (មួយ) ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុង មូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.។
គួររំលឹកផងដែរថា សម្រាប់បងប្អូនកម្មការិនីជាសមាជិក ប.ស.ស. សម្រាលកូននឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា ៖
– សម្រាលកូនមួយ ទទួលបាន ៤០ម៉ឺនរៀល
– សម្រាលកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០ម៉ឺនរៀល
– សម្រាលកូនភ្លោះ (បីនាក់) ទទួលបាន ១២០ម៉ឺនរៀល
ជាងនេះទៅទៀតអ្វីដែលត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលបន្ថែមទៀត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស. បានផ្តល់ជូន។
បញ្ជាក់៖ ចំពោះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលខាងលើនេះ ផ្តល់ជូនសមាជិក ប.ស.ស. ដែលបម្រើការងារ ក្នុងវិស័យឯកជនតែប៉ុណ្ណោះ ៕