Mail |
  • ភាសាខ្មែរ
  • English
  • សិស្ស និស្សិតនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ អាចទៅទទួលសេវាថែទាំសុខភាពនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.

    (កណ្តាល)៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្ដាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណជា ១២០០នាក់។
    ក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល កាលពីពេលថ្មីៗ និស្សិតនគរបាល និងសិស្សនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់នឹងទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទៅព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅបាន។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ថែមថា ការផ្ដល់ការថែទាំសុខភាព ជូនដល់និស្សិតនគរបាល និងសិស្សនគរបាល ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់សិស្ស និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្ដិសុខជាតិ ដែលនៅពេលឈឺថ្កាត់ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដោយពួកគេអាចទទួលបានការព្យាបាលទាន់ពេលវេលា ការពារបាននូវការចំណាយផ្ទាល់ខ្លួនដើម្បីព្យាបាលអំឡុងពេលកំពុងសិក្សានេះផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្តែងនូវការអរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងកោតសរសើរចំពោះ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្ស និស្សិតនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.